ប្រទេសបារាំង និងប៉ូឡូញ នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) នេះ នឹងចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល ដែលជាសញ្ញានៃការបង្កើនសម្ព័ន្ធភាពសន្តិសុខ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ស្របពេលមានក្ដីបារម្ភ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិរបស់អឺរ៉ុប។
ការចុះហត្ថលេខានេះកើតមានឡើងត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះបន្ទាប់ពីខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ហើយនៅថ្ងៃដែលទីក្រុងមូស្គូ កំពុងដើរព្យុហយាត្រាយោធាដ៏ធំមួយ ដែលមានការចូលរួមដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបជាមួយលោកប្រធានាធិបតី Emmanuel Macron នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់ថា សន្ធិសញ្ញានេះ នឹងរួមបញ្ចូលវិធានការផ្ដល់ជំនួយឲ្យគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារលើប្រទេសណាមួយ។
លោក Tusk បាននិយាយថា វាក៏បើកឱកាសឲ្យមានកិច្ចសហប្រតិបត្តិការ លើលទ្ធភាពនៃការពង្រីកឆ័ត្រការពារនុយក្លេអ៊ែររបស់បារាំង ដើម្បីជួយការពារប្រទេសប៉ូឡូញ។ លោកបានសង្កត់ធ្ងន់ថា៖ «តាមបទពិសោធន៍របស់ខ្ញុំ បទប្បញ្ញត្តិនៃសន្ធិសញ្ញានេះ គឺថ្មីពីទស្សនៈនៃសុវត្ថិភាពរបស់យើង»។
លោក Tusk បានបញ្ជាក់ថា៖ «តែទោះជាយ៉ាងណាក្ដី កតិកាសញ្ញានេះមិនមែនជា «ជម្រើសជំនួសផ្សេង» សម្រាប់ទំនាក់ទំនងរបស់ប៉ូឡូញជាមួយសហរដ្ឋអាមេរិកនោះទេ។ យើងត្រូវការទាំងអាមេរិក និងសហភាពអឺរ៉ុបដ៏រឹងមាំមួយ»៕