ប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee និយាយនៅថ្ងៃសុក្រនេះថា មិនថាអ៊ីស្រាអែល ឬក្រុមហាម៉ាស ពួកគេនឹងមិនជាប់ពាក់ព័ន្ធនឹងការចែកចាយជំនួយក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែអ៊ីស្រាអែលនឹងចួលរួមផ្តល់សន្តិសុខនៅទីនោះ ក្រោមផែនការថ្មី ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្កាហ្សា ប្រឈមនឹងវិបត្តិមនុស្សធម៌កើនឡើង ។
អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ជំនួយភាគច្រើនចូលទៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ដែលធ្វើឲ្យផ្ទុះសង្រ្គាមហ្កាហ្សា ។
អ៊ីស្រាអែលបានអនុញ្ញាតឲ្យជំនួយចូលក្នុងដែនដីមួយនេះ អំឡុងបទឈប់បាញ់ដ៏ផុយស្រួយដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំនេះ ប៉ុន្តែពួកគេបានកាត់ផ្តាច់ការផ្គត់ផ្គង់វិញ ពេលដែលពួកគេចាប់ផ្តើមឡើងវិញការវាយប្រហារលើក្រុមជីវពលប៉ាឡេស្ទីន កាលពីខែមីនា ។
ការរំពឹងទុកត្រូវបានបង្កើតឡើងពីផែនការជំនួយថ្មីសម្រាប់តំបន់ហ្កាហ្សា ដែលបានក្លាយជាកាកសំណល់ដោយសារយុទ្ធនាការសឹករយៈពេល ១៩ខែរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស ដោយបានបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធក្នុងដែនដីមួយនេះ និងបានធ្វើឲ្យមនុស្សជិត ២,៣លាននាក់ ជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ។
កិច្ចខិតខំសប្របសម្រួលដោយសហរដ្ឋអាមរិក កាតា និងអេហ្ស៊ីប ពុំបានជោគជ័យនោះទេ ក្នុងការអនុវត្តដំណាក់កាលទី ២នៃបទឈប់បាញ់ ។ អ៊ីស្រាអែលទាមទារឲ្យក្រុមហាម៉ាសទម្លាក់អាវុធទាំងអស់ ខណៈដែលក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ច្រានចោលការទាមទារខាងលើ ។
ក្រុមហាម៉ាសនិយាយថា ពួកគេនឹងដោះលែងចំណាប់ថ្នូរសេសសល់ទំាងអស់ដែលត្រូវបានចាប់យកទៅដោយក្រុមខ្មាន់កាំភ្លើងរបស់ពួកគេ កាលពីខែតុលា ឆ្នាំ ២០២៣ លុះត្រាតែអ៊ីស្រាអែលយល់ព្រម បទឈប់បាញ់អចិន្រ្តៃយ៍ និងដកទ័ពរបស់ពួកគេចេញឲ្យអស់ពីដែនដីហ្កាហ្សា ៕