សម្ព័ន្ធភាពកាន់អំណាចរបស់ប្រទេសហ្វីលីពីន កំពុងប្រជែងគ្នានៅប៉ុន្មានថ្ងៃចុងក្រោយនៃរដូវកាលបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ដោយធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំ ប្រធានាធិបតី លោក Ferdinand Marcos Jr និងអនុប្រធានាធិបតី លោកស្រី Sara Duterte ឥឡូវនេះត្រូវបានជាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយយ៉ាងខ្លាំងក្លា ខណៈដែលក្រុមអ្នកបន្តតំណែងសន្តតិវង្សដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសទាំង ២រូប កំពុងប្រជែងគ្នា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា។
លទ្ធផលនេះមិនត្រឹមតែអាចសម្រេចអនាគតនៃសម្ព័ន្ធភាពដែលប្រេះស្រាំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងអាចកំណត់ការប្រជែងយកតំណែងប្រធានាធិបតី ក្នុងឆ្នាំ២០២៨ ផងដែរ។
នៅថ្ងៃទី១២ ខែឧសភា ប្រជាជនហ្វីលីពីននឹងចេញទៅបោះឆ្នោតជ្រើសរើសមន្ត្រីជាង ១៨.០០០នាក់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលតែងធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង។ ការជ្រើសរើសរបស់ពួកគេ នឹងកំណត់ចំនួនសមាជិកពាក់កណ្ដាលនៃព្រឹទ្ធសភាដែលមាន ២៤អាសនៈ សមាជិកសភាតំណាងរាស្រ្តដែលមានទាំងអស់ ៣១៦អាសនៈ និងតំណែងរាប់ពាន់ទៀត រាប់ចាប់ពីអភិបាលក្រុង រហូតដល់អភិបាលខេត្ត ព្រមទាំងជ្រើសរើសតំណាងរាស្ត្ររបស់ពួកគេ នៅគ្រប់ខេត្ត ក្រុងធំៗ និងក្រុងតូចៗ។
ប៉ុន្តែការយកចិត្តទុកដាក់ថ្នាក់ជាតិ គឺផ្ដោតលើការប្រកួតប្រជែងរបស់ព្រឹទ្ធសភាដែលឥទ្ធិពលខ្ពស់ជាង។ ក្រុមរបស់លោក Marcos និងលោកស្រី Duterte កំពុងប្រជែងគ្នា មិនត្រឹមតែ ដើម្បីគ្រប់គ្រងស្ថាប័នអង្គនីតិបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីឧត្តមភាពនយោបាយទៀតផង។ ហើយអ្វីដែលសំខាន់នោះ គឺថា លទ្ធផលនឹងធ្វើជាប្រជាមតិ ចំពោះតំណែងប្រធានាធិបតីរបស់លោក Marcos ផងដែរ៕