ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ទាហានអ៊ុយក្រែន បានប៉ុនប៉ងបន្ថែមទៀត ដើម្បីរំលោភព្រំដែនរុស្ស៊ី នៅក្នុងតំបន់ Kursk និង Belgorod ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំពិភពលោក នៅឯព្រឹត្តិការណ៍ដើរព្យុហយាត្រាយោធាដ៏ធំ នៅទីក្រុងមូស្គូ។
ក្រសួងការពារជាតិបានប្រាប់ថា ការវាយប្រហារបានកើតឡើងក្នុងអំឡុងពេលមានបទឈប់បាញ់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ដែលប្រទេសរុស្ស៊ីបានប្រកាសជាឯកតោភាគី ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២។
តែអ៊ុយក្រែន បានហៅសំណើបទឈប់បាញ់នេះថា ជា «រឿងគួរឲ្យអស់សំណើច» ហើយមិនយល់ស្របជាមួយនោះទេ ដោយជំនួសវិញ ទីក្រុងគីវស្នើឲ្យប្រទេសទាំង២ ព្រមព្រៀងលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។
នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានកត់ត្រានូវការប៉ុនប៉ងចំនួន ៤ដងរបស់កងកម្លាំងអ៊ុយក្រែន ដែលព្យាយមវាយលុកតាមព្រំដែនចូលទៅក្នុងតំបន់ Kursk និង Belgorod កាលពីសប្តាហ៍មុន។ ហើយក្រសួងបានបន្ថែមថា នៅភាគខាងកើតអ៊ុយក្រែន កងទ័ពរបស់ទីក្រុងគីវ បានវាយប្រហារកងកម្លាំងរុស្ស៊ីចំនួន ១៥ដង ក្នុងអំឡុងពេលមានទឈប់បាញ់នេះ។
ចំណែកអ៊ុយក្រែនវិញ បានប្រាប់ថា រុស្ស៊ីបានបំពានបទឈប់បាញ់របស់ខ្លួនម្តងហើយម្តងទៀត នៅក្នុងសប្តាហ៍នេះ។ អភិបាលនៃតំបន់ Zaporizhzhia ភាគអាគ្នេយ៍ បាននិយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានវាយប្រហារចំនួន ២២០ដងលើភូមិចំនួន ៨ នៅសមរភូមិជួរមុខរបស់អ៊ុយក្រែន គិតចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានុំ នៅតំបន់ព្រំដែន Belgorod របស់រុស្ស៊ី អភិបាលតំបន់ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារអគាររដ្ឋាភិបាលមួយ នៅថ្ងៃសុក្រនេះ៕