ប៉ូឡូញ៖ អធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានស្ថិតនៅទីក្រុង Warsaw កាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki អំពីការធ្វើអន្តោប្រវេសន៍ ថាមពល បញ្ហាសហភាពអឺរ៉ុប និងភាពតានតឹងនៅភាគខាងកើតព្រំដែនរបស់ប្លុកនេះ។

លោក Olaf Scholz ត្រូវបានស្វាគមន៍ដោយលោក Morawiecki ជាមួយនឹងកងកិត្តិយសយោធានៅមុខការិយាល័យនាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ។ វាគឺជាដំណើរទស្សនកិច្ចដំបូងរបស់លោក Scholz បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាមួយគណៈរដ្ឋមន្ត្រីចម្រុះរបស់លោកកាលពីថ្ងៃពុធ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម លោក Scholz បានព្រមានប្រទេសរុស្ស៊ីជុំវិញការបង្កើនយោធា របស់ខ្លួន នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ លោក Scholz បានរិះគន់ប្រធានាធិបតីបេឡារុសលោក Aleksander Lukaschenko លើការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីកើតឡើងភាពតានតឹងនៅព្រំដែនបេឡារុស-ប៉ូឡូញ។
ប៉ូឡូញ និងសហភាពអឺរ៉ុបបាននិយាយថា រដ្ឋាភិបាលរបស់លោក Lukashenko កំពុងបង្កើតអស្ថិរភាពក្នុងប្លុកនេះ ដោយការជំរុញឱ្យមានការធ្វើអន្តោប្រវេសន៍។ រដ្ឋាភិបាលនៅទីក្រុង Warsaw ជាប់ពាក់ព័ន្ធក្នុងជម្លោះកាន់តែខ្លាំងជាមួយគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ដែលកំពុងដកហូតមូលនិធិសង្គ្រោះជំងឺរាតត្បាតពីប្រទេសប៉ូឡូញ។ លោក Scholz និងលោក Morawiecki បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ស្មុគស្មាញ ក្រោមរដ្ឋាភិបាលថ្មីរបស់ប្រទេសអាល្លឺម៉ង់៕
អត្ថបទ៖ ប៊ុនថន