ស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌា និងប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ពួកគេ ពេលធ្វើដំណើរនៅប្រទេសអាស៊ីខាងត្បូងទាំង ២នេះ ស្របពេលកើតមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងតំបន់នារយៈពេលជិត ៣ទសវត្សរ៍កន្លងមកនេះ ។
ប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២នេះ បានប៉ះទង្គិចគ្នា ចាប់តាំងពីឥណ្ឌា វាយប្រហារទីតាំងជាច្រើនកន្លែងនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលពួកគេនិយាយថា គឺជាជំរំក្រុមភេរវករ ជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្សលើភ្ញៀវទេសចរហិណ្ឌូនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន ។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតពីស្ថានទូតចិន និយាយថា ពលរដ្ឋចិននៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន គួរតែតាមដានស្ថានភាពឲ្យបានដិតដល់ និងបង្កើនវិធានការសន្តិសុខខ្លួនឯង ។
ខណៈពេលនោះដែរ ស្ថានទូតចិនប្រចាំនៅប្រទេសនេប៉ាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គមនាថ្ងៃសុក្រនេះថា ពួគគេបានណែនាំផងដែរឲ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែននេប៉ាល់-ឥណ្ឌា ។
ពួកគេបន្តថា នេប៉ាល់ និងឥណ្ឌាមានព្រំដែនបើក ហើយពលរដ្ឋចិនគួរតែចៀសវាងចូលខុសប្រទេសឥណ្ឌាដោយគ្មានទិដ្ឋាការមានសុពលភាព ហើយប្រទេសឥណ្ឌា និងនេប៉ាល់ ត្រូវតេបង្កើនកិច្ចខិតខំសន្តិសុខភាពនៅតាមព្រំដែនរបស់ខ្លួន ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងបែបនេះ ៕