ប្រមុខគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) បាននិយាយថា លោកស្រីនឹងធ្វើដំណើរទៅសេតវិមាន ដើម្បីតែស្វែងរក «ដំណោះស្រាយ» ជុំវិញបញ្ហាពន្ធពាណិជ្ជកម្មប៉ុណ្ណោះ ដោយប្រតិកម្មទៅនឹងសំណួរទាក់ទងនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានហៅលោកស្រីកាលពីថ្ងៃព្រហស្បតិ៍ថា ជា «មនុស្សដ៏អស្ចារ្យ»។
អំឡុងសន្និសីទសារព័ត៌មានរួមជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី von der Leyen បានប្រាប់ថា៖ «ខ្ញុំគិតថា ខ្ញុំមាននូវការសន្ទនាដ៏ល្អជាមួយប្រធានាធិបតី Trump តាមទូរសព្ទ និងក្នុងពិធីបុណ្យព្រះសពរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស ប៉ុន្តែប្រសិនបើខ្ញុំធ្វើដំណើរទៅសេតវិមាន ខ្ញុំចង់មានកញ្ចប់វិធានការដែលយើងអាចពិភាក្សាបាន។ ដូច្នេះ វាត្រូវតែរឹងមាំ ហើយខ្ញុំចង់មានដំណោះស្រាយដែលយើងទាំង ២ ព្រមព្រៀងគ្នា»។
ចំណែកលោក Merz បាននិយាយថា ហេតុផលមួយ ដែលលោកស្ទាក់ស្ទើរ ក្នុងការប្រឈមនឹងការមានបំណុលរួមគ្នារបស់សហភាពអឺរ៉ុប (EU) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយយោធា គឺថា លោកព្រួយបារម្ភអំពីការកើនឡើងនូវបំណុលរបស់រដ្ឋ មិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ តែថែមទាំងនៅទូទាំងពិភពលោកផងដែរ។
លោកបានបន្ថែមថា ទោះបី EU អាចរៃអង្គាសប្រាក់ដោយការមានបំណុលរួមក៏ដោយ ក៏ការធ្វើបែបបនេះគួរតែកើតឡើងក្នុងកាលៈទេសៈពិសេសតែប៉ុណ្ណោះ ដោយលោកបានសង្កត់ធ្ងន់ថា តម្រូវការការពារជាតិរបស់អឺរ៉ុប ក៏អាចត្រូវបានដោះស្រាយដោយការកែលម្អប្រសិទ្ធភាពជាជាងចំណាយកាន់តែច្រើន៕