នៅថ្ងៃសុក្រនេះ អារ៉ាប់រួម បានធ្វើការច្រានចោលទាំងស្រុងការផ្គត់ផ្គង់អាវុធផលិតនៅប្រទេសចិនដល់កងកម្លាំងគាំទ្ររហ័ស(RSF) ដែលកំពុងជាប់ធ្វើសង្រ្គាមយ៉ាងឃោឃៅជាមួយកងទ័ពរដ្ឋាភិបាលស៊ូដង់ ។
លោក Salem Aljaberi គឺជាអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខ និងកិច្ចការយោធាអារ៉ាប់រួម និយាយនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃសុក្រនេះថា ការចោទប្រកាន់ទទួលបាននៅក្នុងរបាយការណ៍ក្រុមលើកលែងទោសអន្តរជាតិ បញ្ចេញកាលពីរយៈពេល ១ថ្ងៃមុន គ្មានមូលដ្ឋាននោះទេ ហើយខ្វះភ័ស្តុតាងគ្រប់គ្រាន់ ។
ទីក្រុង Abu Dhabi បានច្រានចោលការចោទប្រកាន់បែបនេះដែលកើតចេញពីប្រភពព័ត៌មានជាច្រើន រួមទាំងប្រភពពីអង្គការសហប្រជាជាតិ(UN) សហរដ្ឋអាមេរិក និងអង្គការក្រៅរដ្ឋាភិបាល(NGO)ថា ពួកគេបានផ្តល់អាវុធដល់កងកម្លាំង RSF ។
លោក Aljaberi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ត្រូវបានចែករំលែកដោយក្រសួងការបរទេសនៅលើបណ្តាញព័ត៌មានសង្គម Xថា អារ៉ាប់រួមសូមធ្វើការបដិសេធន៍ចោលទាំងស្រុងចំពោះការលើកឡើងថា ពួកគេបានផ្តល់អាវុធដល់ភាគីណាមួយពាក់ព័ន្ធនឹងជម្លោះកំពុងកើតឡើងនៅស៊ូដង់ ។
ក្រុមលើកលែងទោសអន្តរជាតិ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបញ្ជាក់ផ្ទៀងផ្ទាត់រូបភាពវីដេអូឃ្លីឃើញក្រុមយុទ្ធជន RSF ប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ GB50A របស់ចិន និងកាំភ្លើងធំកាណុងទំហំ ១៥៥មីលីម៉ែត្រ អំឡុងការវាយប្រហារលើទីក្រុង Khartoum និងទីក្រុង Darfur ។
យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា អារ៉ាប់រួមត្រូវបានគេដឹងថាជាអ្នកទិញកាំភ្លើងធំប្រភេទនេះពីចិន ដោយពួកគេលើកឡើងទិន្នន័យពីវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ៕