បន្ទាប់ពីស្ថានទូតអាមេរិកនៅទីក្រុងគីវ ត្រូវបានព្រមានកាលពីថ្ងៃសុក្រ ទី៩ ខែឧសភា អំពីការវាយប្រហារតាមអាកាស «ដ៏ខ្លាំងក្លា» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា មេដឹកនាំទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គួរតែ «បញ្ចប់សង្រ្គាមដ៏ឆោតល្ងង់នេះ» ។

នៅពេលត្រូវបានសួរក្នុងព្រឹត្តិការណ៍នៅសេតវិមានថាតើអ្វីជាសាររបស់លោកសម្រាប់លោកពូទីន បន្ទាប់ពីការប្រកាសរបស់ស្ថានទូត នោះលោក Trump បាននិយាយថាសាររបស់លោកសម្រាប់ភាគីទាំងពីរគឺត្រូវ «បញ្ចប់សង្រ្គាមនេះ»។
សេតវិមាន បាននិយាយថា លោក Trump មានការសន្ទនាតាមទូរស័ព្ទ «ដ៏ល្អ និងប្រកបដោយផ្លែផ្កា» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយលោក Trump សង្ឃឹមថាទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងព្រមព្រៀងនៅសប្តាហ៍ក្រោយ ចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃ។
នៅក្នុងទីក្រុងគីវ នាយសេនាធិការរបស់ លោក Zelenskiy លោកAndriy Yermak បាននិយាយថា លោកបានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងមន្ត្រីផ្សេងទៀតអំពីបទឈប់បាញ់ដែលបានស្នើឡើង ជាផ្នែកនៃចំណាត់ការឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។
