មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្របានការពារការចូលរួមរបស់ប្រទេសលោក ក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនថាជា"ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន" នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោកKim បានអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី៨០នៃទិវាជ័យជម្នះរបស់ប្រទេសរុស្ស៊ីលើពួកណាស៊ី ក្នុងសង្គ្រាមលោកលើកទី២។
លោក Kim បាននិយាយនៅក្នុងសុន្ទរកថាអបអរសាទរដែលរូបលោកបានហៅកងទ័ពកូរ៉េខាងជើងថាជា "វីរបុរស" ថា "ការចូលរួមរបស់យើងនៅក្នុងសង្គ្រាមគឺមានភាពយុត្តិធម៌ ហើយនេះគឺស្ថិតនៅក្នុងអាណាចក្រនៃការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់យើង ។
ទីក្រុងមូស្គូបានសរសើរការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីដោយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាពួកគេបានដើរតួនាទីដ៏ធំធេងក្នុងប្រតិបត្តិការនៅតំបន់ព្រំដែន Kursk ក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Aleksandr Matsegora បាននិយាយថា រុស្ស៊ី និងកូរ៉េខាងជើង គឺជាដៃគូយុទ្ធសាស្ត្រ និងសម្ព័ន្ធមិត្តដ៏ទូលំទូលាយ។
កូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងកាលពីខែមុនថា ខ្លួនបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងសង្គ្រាមនោះ៕


