ប្រធានាធិបតីអាមេរិកលោក Donald Trump បានសាទរចំពោះការកំណត់ឡើងវិញទាំងស្រុងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅមុនកិច្ចចរចាថ្ងៃទី ២នៅថ្ងៃអាទិត្យ ១១ ឧសភានេះ រវាងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មដែលបង្កឡើងដោយការដំឡើងពន្ធដ៏ខ្លាំងក្លារបស់លោក។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យ លោក Trump បានលើកសរសើរការពិភាក្សាថា ល្អណាស់ ហើយចាត់ទុកថាជាការចរចាឡើងវិញទាំងស្រុងក្នុងលក្ខណៈមិត្តភាព ប៉ុន្តែមានលក្ខណៈស្ថាបនា។
លោក Trump បានបន្ថែមថា ពួកលោកចង់មើលឃើញ ដើម្បីផលប្រយោជន៍របស់ចិន និងសហរដ្ឋអាមេរិក ដែលជាការបើកចំហរនៃប្រទេសចិនចំពោះអាជីវកម្មរបស់អាមេរិក ហើយថានេះគឺជាការរីកចម្រើនដ៏ល្អ។ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតអំពីការវឌ្ឍនភាពនោះទេ។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំបិទទ្វាររវាងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent តំណាងពាណិជ្ជកម្មលោក Jamieson Greer និងឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ើ លីហ្វឹង (He Lifeng) កំពុងបន្តទៀតនៅពេលព្រឹក នេះបើយោងតាមបុគ្គលមួយរូបដែលដឹងពីកិច្ចពិភាក្សា ដោយមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ៕