ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកអំពីការរំលោភបទឈប់បាញ់នៅព្រឹកថ្ងៃអាទិត្យ១១ ឧសភា សប្ដាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានដើរថយក្រោយពីមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក។
ភាពតានតឹង និងការប៉ះទង្គិចគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន ក្នុងតំបន់កាស្មៀរ រហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សជាង៥០នាក់។
យោងតាមក្រុមអាជ្ញាធរ អ្នកស្រុក និងអ្នកសារព័ត៌មានReuters បានឱ្យដឹងថា ការបាញ់ផ្លោងកាំភ្លើងធំ និងការវាយប្រហារដោយយានដ្រូន ត្រូវគេមើលឃើញនៅក្នុងតំបន់ Jammu និង Kashmir ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាជាច្រើនមកនេះ ខណៈការផ្ទុះពីប្រព័ន្ធការពារអាកាសបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងជាច្រើន ស្រដៀងនឹងល្ងាចមុន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសប៉ាគីស្ថានបានរំលោភលើការយោគយល់ដែលប្រទេសទាំងពីរបានឈានដល់កាលពីថ្ងៃសៅរ៍ ហើយថាកងកម្លាំងប្រដាប់អាវុធឥណ្ឌាត្រូវបានណែនាំឱ្យដោះស្រាយជាបន្ទាន់ចំពោះបញ្ហាកើតឡើងដដែលៗ។
លោក Misri បានប្រាប់សន្និសីទសារព័ត៌មានមួយថា ឥណ្ឌាអំពាវនាវឱ្យប៉ាគីស្ថានចាត់វិធានការសមស្រប ដើម្បីដោះស្រាយការរំលោភបំពានទាំងនេះ និងដោះស្រាយស្ថានការណ៍ដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ៕