លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃអាទិត្យ ១១ ឧសភាសប្ដាហ៍នេះ បានស្នើកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី ១៥ ឧសភា ដែលលោកបាននិយាយថា គួរតែមានគោលបំណងដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង និងការលុបបំបាត់ឫសគល់នៃសង្គ្រាម។
ការប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង Kyiv និងក្រុមមេដឹកនាំអឺរ៉ុប បានអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃដើម្បីចាប់ផ្តើមនៅថ្ងៃចន្ទទី១២ឧសភា។
លោក Putin បានប្រាប់អ្នកយកព័ត៌មានក្នុងសេចក្តីថ្លែងការណ៍មួយនៅកណ្តាលយប់នៅវិមានក្រឹមឡាំងថា ពួកលោកប្តេជ្ញាថានឹងមានការចរចាដ៏ហ្មត់ចត់ ដើម្បីលុបបំបាត់ដើមហេតុនៃជម្លោះ។
លោកបានបន្ថែមថា យើងមិនរាប់បញ្ចូលថា ក្នុងអំឡុងកិច្ចចរចាទាំងនេះ យើងនឹងអាចយល់ព្រមលើបទឈប់បាញ់ថ្មីមួយចំនួនបានទេ ដោយមិននិយាយដោយផ្ទាល់នូវការអំពាវនាវដែលធ្វើឡើងដោយមេដឹកនាំអ៊ុយក្រែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ សម្រាប់បទឈប់បាញ់ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។
មេដឹកនាំកំពូលរុស្ស៊ីរូបនេះ បាននិយាយថា មិនមែនជាប្រទេសរុស្ស៊ីទេដែលបានផ្តាច់ចោលការចរចាកាលពីឆ្នាំ ២០២២នោះ តែគឺជាទីក្រុងគីវទៅវិញទេ។ យ៉ាងណាក៏ដោយ យើងកំពុងស្នើឱ្យទីក្រុង Kyiv បន្តការចរចាដោយផ្ទាល់ដោយគ្មានបុរេលក្ខខណ្ឌ៕