លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានរំលឹកឡើងវិញនៅថ្ងៃអាទិត្យទី ១១ ឧសភាថា លោកនឹងមានបំណងលុបចោលរាល់ការដំឡើងពន្ធទាំងអស់ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ថ្លែងក្នុងកម្មវិធីទូរទស្សន៍ Fuji ពេលព្រឹក លោក Ishiba បាននិយាយថា ការពិភាក្សាបានរួមគ្នាជាបណ្តើរៗ ហើយថាទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយប្រធានាធិបតីអាមេរិក Donald Trump គឺ ល្អគួរឱ្យភ្ញាក់ផ្អើល ។
ទោះជាយ៉ាងណាក៏ដោយ លោក Ishiba បាននិយាយថាកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងឡុងដ៍ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ថយពន្ធលើការនាំចេញរថយន្តរបស់អង់គ្លេស ខណៈពេលរក្សាការអនុវត្តន៍កម្រិតមូលដ្ឋានពន្ធ ១០ ភាគរយ នោះគឺជាគំរូមួយ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែជប៉ុន គួរតែមានបំណងសម្រាប់ពន្ធ ០ ភាគរយ។
ដោយនិយាយថាការដំឡើងពន្ធលើការនាំចូលរថយន្តខ្ពស់នឹងធ្វើឱ្យរថយន្តមានតម្លៃថ្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក លោក Ishiba បានបន្ថែមថា សម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ចអាមេរិកផងដែរ តើពន្ធទាំងនោះមិនគួរត្រូវបានបន្ទាបទេឬ?
លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងរក្សាកម្រិតមូលដ្ឋានពន្ធ ១០ ភាគរយលើការនាំចូលសូម្បីតែបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហើយក៏ដោយ ដោយបន្ថែមថា នឹងអាចមានការលើកលែងនៅពេលប្រទេសនានាផ្តល់លក្ខខណ្ឌពាណិជ្ជកម្មសំខាន់ៗ ៕