ទាំងប្រទេសចិន ទាំងសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងប្រទេសស្វីសកាលពីថ្ងៃសៅរ៍និងអាទិត្យចុងសប្ដាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent បានពណ៌នាការពិភាក្សាថាជា ប្រកបដោយផ្លែផ្កា និងស្ថាបនា ខណៈឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ើ លីហ្វឹង (He Lifeng) បាននិយាយថា កិច្ចពិភាក្សានេះគឺ ស៊ីជម្រៅ និងស្មោះត្រង់។
ភាគីទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារទាំងអស់កាលពីចុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ដំឡើងពន្ធលើប្រទេសចិនក្នុងខែមករា។

កិច្ចពិភាក្សានេះ គឺជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីលោកប្រធានាធិបតី Trump បានដំឡើងពន្ធ១៤៥% លើការនាំចូលរបស់ចិន ដោយទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិកវិញចំនួន ១២៥% ។

ជម្លោះដំឡើងពន្ធដ៏ធំបានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងក្ដីបារម្ភពីឱនភាពពាណិជ្ជកម្មសកល។
បន្ទាប់ពីការបញ្ចប់កិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បាននិយាយថា កិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយដៃគូចិនរបស់យើង នឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មចំនួន១,២ សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសាទរចំពោះការកំណត់ឡើងវិញទាំងស្រុងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅមុនកិច្ចចរចាថ្ងៃទី ២នៅថ្ងៃអាទិត្យ ១១ ឧសភានេះ រវាងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មដែលបង្កឡើងដោយការដំឡើងពន្ធដ៏ខ្លាំងក្លារបស់លោក៕