ក្រុមអ្នកវិភាគបាននិយាយថា ឥណ្ឌា និងប៉ាគីស្ថាន បានដើរថយក្រោយចេញពីមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុកដោយមានសម្ពាធពីសហរដ្ឋអាមេរិក ប៉ុន្តែសេចក្តីប្រាថ្នារបស់ទីក្រុងញូវដែលីជាមហាអំណាចការទូតសកល ឥឡូវនេះប្រឈមមុខនឹងការសាកល្បងដ៏សំខាន់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានស្នើផ្តល់ការសម្រុះសម្រួលលើជម្លោះលើតំបន់កាស្មៀរ។

ការងើបឡើងយ៉ាងឆាប់រហ័សរបស់ឥណ្ឌា ជាមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោក បានបង្កើនទំនុកចិត្ត និងឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិ ដែលថាប្រទេសនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិក្នុងតំបន់ ដូចជាការដួលរលំសេដ្ឋកិច្ចរបស់ស្រីលង្កា និងការរញ្ជួយដីមីយ៉ាន់ម៉ាជាដើម។

ប៉ុន្តែជម្លោះជាមួយប៉ាគីស្ថានជុំវិញតំបន់កាស្មៀរ ដែលផ្ទុះឡើងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងការបាញ់តបតយានដ្រូន និងការវាយប្រហារតាមអាកាសដែលសម្លាប់មនុស្សរាប់សិបនាក់នោះ ប៉ះពាល់ចំណុចរសើបក្នុងនយោបាយឥណ្ឌា។ លោក Michael Kugelman អ្នកវិភាគអាស៊ីខាងត្បូងមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បាននិយាយថា "ឥណ្ឌា ទំនងជាមិនចាប់អារម្មណ៍លើកិច្ចពិភាក្សាទូលំទូលាយ ក្រោមបទឈប់បាញ់នោះទេ ហើយការប្រកាន់ខ្ជាប់បែបនោះអាចមានបញ្ហាប្រឈមជាច្រើន"។

អ្នកជំនាញផ្សេងទៀតនិយាយថា ការដកថយក្រោមសម្ពាធ និងការបញ្ចុះបញ្ចូលរបស់អាមេរិក ត្រឹមតែប៉ុន្មានថ្ងៃនៃប្រតិបត្តិការយោធា ធ្វើឱ្យបំណងប្រថ្នាជាមហាអំណាចការទូតសកលរបស់ឥណ្ឌាប្រឈមការសាកល្បងដ៏សំខាន់ ហើយឥណ្ឌាគឺកំពុងតែទាញចំណាប់អារម្មណ៍អន្តរជាតិទៅរកជម្លោះកាស្មៀរ មិនមែនទៅលើអំពើភេរវកម្មឆ្លងដែនរបស់ប៉ាគីស្ថានដែលបង្កជាវិបត្តិនេះនោះទេ"។
វិធីសាស្រ្តដែលឥណ្ឌាសាងសង់ការទូត -- ដោយផ្គាប់ចិត្តលោក Trump លើបញ្ហាដូចជាពាណិជ្ជកម្ម ខណៈក៏ការអះអាងផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងជម្លោះកាស្មៀរ -- នឹងពឹងផ្អែកមួយផ្នែកធំលើនយោបាយក្នុងស្រុក ហើយអាចកំណត់អនាគតសម្រាប់ជម្លោះនៅដែនដីកាស្មៀរ៕