យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣ នាក់ រួមទាំងកុមារ និងស្ត្រី ក្នុងតំបន់ហ្កាហ្សា ខណៈប្រទេសនេះនៅតែបន្តបង្អត់អាហារដល់តំបន់ដែលខ្លួនឡោមព័ទ្ធ។

ក្នុងចំណោមជនរងគ្រោះតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ មានជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់ក្នុងការវាយប្រហារដោយយានដ្រូនលើរថយន្តមួយគ្រឿង និងពីរនាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅជិតប៉មលំនៅដ្ឋានដែលស្ថិតនៅភាគខាងលិចនៃទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា។

មនុស្សពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំទៅលើផ្ទះមួយនៅសង្កាត់ Zeitoun នៃទីក្រុងហ្កាហ្សា ភាគខាងជើង ខណៈសាកសពបុរសម្នាក់ត្រូវបានប្រទះឃើញនៅជិតជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្កាហ្សា បន្ទាប់ពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់នោះមួយថ្ងៃមុន។
ការសម្លាប់ចុងក្រោយបំផុតក្នុងការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា បានកើតឡើង ស្របពេលដែនដីរងការឡោមព័ទ្ធមួយនេះ ពុំអាចឃើញការហូរចូល អាហារ ទឹក ថ្នាំពេទ្យ ឬប្រេងឥន្ធនៈក្នុងទឹកដីនេះអស់រយៈពេល ៧០ ថ្ងៃដោយសារតែការបិទផ្លូវរបស់អ៊ីស្រាអែល។

អ្នកស្រុក២,៣លាននាក់នៅហ្កាហ្សាកំពុងប្រឹងប្រែងរស់ពីការផ្គត់ផ្គង់ដែលធ្លាក់ចុះយ៉ាងឆាប់រហ័ស និងផ្ទះបាយសប្បុរសធម៌ ដែលត្រូវបានបង្ខំឱ្យបិទជាបណ្តើរៗ នៅពេលអស់អាហារ និងភាពអត់ឃ្លានរីករាលដាលកាន់តែខ្លាំង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានព្រមានកាលពីថ្ងៃអាទិត្យថា ការបិទផ្លូវកាន់តែយូរ នោះការបង្កគ្រោះថ្នាក់ដែលមិនអាចត្រឡប់វិញបានកាន់តែខ្លាំង ចំពោះពលរដ្ឋប៉ាឡេស្ទីនដែលរងការកាប់សម្លាប់រាល់ថ្ងៃ៕