ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (១១ ឧសភា) ថា លោកនឹងចុះហត្ថលេខាលើក្រឹត្យមួយដើម្បីកាត់បន្ថយតម្លៃឱសថតាមវេជ្ជបញ្ជា ដល់កម្រិតដូចគ្នាមួយដែលបង់ដោយប្រទេសមានប្រាក់ចំណូលខ្ពស់ផ្សេងទៀត ក្នុងតួលេខដែលលោកនិយាយថាទាបជាងមុនពី ៣០% ទៅ ៨០% ។

នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា លោកនឹងចុះហត្ថលេខាលើក្រឹត្យមួយនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបន្តនូវអ្វីដែលគេស្គាល់ថាជា "ប្រទេសអនុគ្រោះបំផុត" លើការកំណត់តម្លៃ ឬតម្លៃយោងជាអន្តរជាតិ។
លោក Trump បាននិយាយក្នុងការបង្ហោះថា "លោកនឹងបង្កើតគោលនយោបាយប្រទេសអនុគ្រោះបំផុត ដែលអាមេរិក នឹងបង់ថ្លៃដូចគ្នានឹងប្រទេសដែលបង់តម្លៃទាបបំផុតសម្រាប់ឱសថនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដោយតម្លៃឱសថនឹងចុះពីតួលេខ ៣០% ទៅ ៨០%"។

សហរដ្ឋអាមេរិក ចំណាយប្រាក់ច្រើនបំផុតក្នុងពិភពលោកសម្រាប់ឱសថតាមវេជ្ជបញ្ជាជាច្រើន ដែលច្រើនតែជិត ៣ដងនៃតម្លៃក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ លោក Trump បាននិយាយថា លោកចង់បិទការរីករាលដាលនៃតម្លៃនេះ ប៉ុន្តែមិនបញ្ជាក់ជាសាធារណៈឡើយអំពីវិធីសាស្រ្តធ្វើបែបនោះ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតច្រើនដែរ។
ខណៈដែលសេចក្ដីលម្អិតមិនទាន់មាន ក្រុមហ៊ុនផលិតឱសថបានរំពឹងថា ក្រឹត្យនេះនឹងត្រូវអនុវត្តចំពោះឱសថទូលំទូលាយ លើសពីតម្លៃចរចាដែលបច្ចុប្បន្នស្ថិតនៅក្រោមច្បាប់កាត់បន្ថយអតិផរណារបស់លោកអតីតប្រធានាធិបតី Joe Biden៕
