ការបោះឆ្នោតកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (១២ ឧសភា) នេះ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏ធម្មតាមួយប៉ុន្តែមានហានិភ័យខ្ពស់ ដែលគ្របដណ្ដប់ដោយភាពតានតឹងនយោបាយ និងសង្រ្គាមពាក្យសម្ដីរវាងលោកប្រធានាធិបតី Ferdinand Marcos Jr. និងសម្ព័ន្ធមិត្តដែលពេលនេះក្លាយជាគូប្រជែង គឺលោកស្រីអនុប្រធានាធិបតី Sara Duterte។

លោកស្រី Duterte និងលោក Marcos មិនមាននៅលើសន្លឹកឆ្នោតសម្រាប់តួនាទីជាង ១៨.០០០មុខតំណែងនោះទេ ប៉ុន្តែបាននិងកំពុងធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាឱ្យបេក្ខជនឈរឈ្មោះរបស់ពួកគេ ខណៈភាពតានតឹងដ៏ជូរចត់រវាងមេដឹកនាំទាំងពីរបានគ្របដណ្ដប់លើការប្រកួតប្រជែង ដែលអាចជះឥទ្ធិពលដល់អំណាចនាពេលអនាគតនៅក្នុងប្រទេសមានប្រជាជន ១១០លាននាក់មួយនេះ។

ហានិភ័យសម្រាប់លោក Marcos គឺជារបៀបវារៈ ដំណែលគោលនយោបាយ និងឥទ្ធិពលរបស់ប្រធានាធិបតីរូបនេះទៅលើអ្នកស្នងតំណែងរបស់លោកនៅឆ្នាំ២០២៨ ខណៈការរស់រានមានជីវិតផ្នែកនយោបាយរបស់លោកស្រី Duterte ក៏អាចពឹងផ្អែកលើការបោះឆ្នោតនេះ ជាមួយនឹងការកាត់ក្ដីចោទប្រកាន់ទម្លាក់តំណែងដែលកំពុងកើតឡើង អាចសម្លាប់ក្តីសង្ឃឹមអនាគតក្នុងការក្លាយជាប្រធានាធិបតីរបស់លោកស្រី។

ទាំងលោក Marcos និងលោកស្រី Duterte បានបោះឆ្នោតរួចហើយនៅព្រឹកថ្ងៃចន្ទ ក្នុងកន្លែងកំណើតរៀងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការបោះឆ្នោតដែលចាប់ផ្តើមពីម៉ោង ៥ព្រឹកដល់ម៉ោង ៧យប់ (ម៉ោងក្នុងស្រុក) ជាទូទៅកំពុងដំណើរការដូចការរំពឹងទុក ក្រៅពីការពន្យារពេលមួយចំនួន ដែលបណ្តាលមកពីភាពមិនប្រក្រតីនៅក្នុងម៉ាស៊ីនរាប់សន្លឹកឆ្នោត៕