អាមេរិក៖ អភិបាលរដ្ឋបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះថូណាដូដ៏មានឥទ្ធិពល ដែលបានបំផ្លាញទីក្រុងនានាក្នុងរដ្ឋ Kentucky ទំនងជាកើនឡើងដល់ ១០០នាក់ ខណៈក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតកាន់តែតិច។ លោក Andy Beshear បាននិយាយថា នេះគឺជាព្រឹត្តិការណ៍ព្យុះថូណាដូបំផ្លាញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ ដោយមានអ្នកស្លាប់យ៉ាងហោចណាស់ ៨០នាក់ត្រូវបានបញ្ជាក់។

មនុស្ស ១៤នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងរដ្ឋចំនួន ៤ផ្សេងទៀត។ នៅរដ្ឋ Kentucky ក្រុមអ្នកជួយសង្គ្រោះបានស្វែងរុករកក្នុងកម្ទេចកំទីបាក់បែកសម្រាប់អ្នកនៅរស់រានមានជីវិត ខណៈក្រុមជាច្រើនទៀតបានចែកចាយទឹក និងម៉ាស៊ីនភ្លើងដល់ប្រជាជន។ សមាជិកឆ្មាំជាតិជាង ៣០០នាក់បានធ្វើដំណើរចេញពីលំនៅឋានមួយទៅលំនៅឋានមួយ ដើម្បីរើកកាយកម្ទេចកំទីបែកបាក់ចេញ។

អភិបាលរដ្ឋបាននិយាយក្នុងអំឡុងដំណើរចុះពិនិត្យទៅកាន់ទីក្រុង Mayfield ជាទីក្រុងរងការបំផ្លាញខ្លាំងបំផុតថា យើងនៅតែសង្ឃឹមនៅពេលដែលយើងឆ្ពោះទៅមុខ សម្រាប់អព្ភូតហេតុមួយចំនួននឹងរកឃើញមនុស្សបន្ថែមទៀត។ ទោះយ៉ាងណាគ្មានអ្នកណាម្នាក់ត្រូវបានគេរកឃើញនៅរស់នោះទេចាប់តាំងពីថ្ងៃសៅរ៍មក។ លោក Beshear បាននិយាយថា លំនៅឋានរបស់ប្រជាជនរាប់ពាន់នាក់ត្រូវបានបំផ្លាញផ្ទះ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានដឹងច្បាស់នៅឡើយក៏ដោយ៕
អត្ថបទ៖ ប៊ុនថន