ប្រធានក្រុមផ្តល់ជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីប បានព្រមានថា ប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះនឹងស្លាប់ដោយសារភាពអត់ឃ្លាន ប្រសិនបើស្បៀងមិនត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទៅកាន់ដែនដីនេះម្តងទៀត។ អ៊ីស្រាអែល មិនបានអនុញ្ញាតឱ្យនាំយកគ្រឿងផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្កាហ្សាឡើយ ចាប់តាំងពីខែមីនា មក។ អ៊ីស្រាអែល និយាយថាវិធានការនេះគឺដើម្បីរារាំងក្រុមហាម៉ាស មិនឱ្យទទួលបានការដឹកជញ្ជូន។

ក្រុមជំនួយ បានចែកចាយស្បៀងដល់ប្រជាជននៅទីក្រុង Khan Younis ដែលមានទីតាំងនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ អ្នកស្រុករាប់រយនាក់បាននាំគ្នាទៅកាន់កន្លែងចែកចាយស្បៀង ដែលក្រុមនេះបានចម្អិនអាហារប្រហែល២០ឆ្នាំងធំៗ។
ក្រុមនេះបាននិយាយថា ខ្លួនអាចផ្តល់អាហារដល់មនុស្សប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅថ្ងៃនោះ ហើយមិនយូរប៉ុន្មាននោះទេ ក្រុមនេះនឹងអស់អង្ករដែលបានត្រៀមទុក។

មេដឹកនាំក្រុមបាននិយាយថា ខ្លួននឹងត្រូវបិទកន្លែងចែកចាយស្បៀងអាហារក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយប្រជាជនអាចនឹងចាប់ផ្តើមដួលរលំនៅតាមដងផ្លូវ និងតាមលំនៅឋានរបស់ពួកគេ ដោយសារទីផ្សារពុំមានទំនិញអ្វីទាំងអស់។
មេដឹកនាំក្រុម បានអំពាវនាវឱ្យរៀបចំច្រករបៀងមនុស្សធម៌ជាបន្ទាន់ ដើម្បីឱ្យការផ្គត់ផ្គង់ស្បៀងអាចនាំចូលទៅក្នុងតំបន់ហ្កាហ្សាបាន។