ប្រមុខប្រតិបត្តិការយោធានៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន នឹងពិភាក្សាគ្នានៅថ្ងៃចន្ទ (១២ ឧសភា) នេះអំពីជំហានបន្ទាប់សម្រាប់ប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ ក្រោយពីបទឈប់បាញ់បានបង្កើតស្ងប់ស្ងាត់ឡើងវិញទៅតាមព្រំដែន បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតរបស់ប្រទេសទាំងពីរក្នុងពេលជិត ៣ទសវត្សរ៍។
មិនមានរបាយការណ៍អំពីការផ្ទុះធំៗ ឬការបាញ់គ្រាប់ផ្លោងនៅពេលយប់ថ្ងៃអាទិត្យ (១១ ឧសភា) ទេ បន្ទាប់ពីមានការបំពានបទឈប់បាញ់ដំបូងមួយចំនួន ក្នុងអ្វីកងទ័ពឥណ្ឌាបាននិយាយថា ថ្ងៃអាទិត្យគឺជារាត្រីសន្តិភាពលើកដំបូងក្នុងប៉ុន្មានថ្ងៃថ្មីៗតាមព្រំដែន ទោះជាសាលារៀនមួយចំនួននៅតែបិទក៏ដោយ។
បទឈប់បាញ់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នៅតំបន់ភ្នំហិម៉ាឡៃនេះ ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឡើងបន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការបាញ់តបតគ្នាយ៉ាងខ្លាំងក្លា ព្រមទាំងការទូត និងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្ដាហ៍ ក្រសួងការបរទេសឥណ្ឌា និយាយថា អគ្គនាយកនៃប្រតិបត្តិការយោធារបស់ភាគីទាំងពីរ នឹងពិភាក្សាគ្នាតាមទូរសព្ទនៅថ្ងៃចន្ទនេះ វេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក)។ ប៉ាគីស្ថាន មិនបានអត្ថាធិប្បាយណាមួយពីផែនការពិភាក្សានេះទេ។
គួរឱ្យដឹងថា មុនពេលមានបទឈប់បាញ់ គូប្រជែងជិតខាងទាំងពីរបានកំណត់គោលដៅលើការដំឡើងយោធារបស់គ្នាទៅមកដោយមីស៊ីល និងយានដ្រូន ដោយបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ខណៈទំនាក់ទំនងកាន់តែមានភាពជូរចត់ បន្ទាប់ពីឥណ្ឌា បានបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារ ដែលសម្លាប់ភ្ញៀវទេសចរ ២៦នាក់ ប៉ុន្តែប៉ាគីស្ថានបដិសេធ៕