បាល់ទាត់៖ ក្លិបបាល់ទាត់អាមេរិក New York City FC បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ MSL Cup ជាលើកដំបូងក្រោយយកឈ្នះ Portland Timbers ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករ Alexander Callens គឺជាអ្នកស៊ុតសំរេចគ្រាប់ចុងក្រោយនៃបាល់ ១១ម៉ែត្រកាត់សេចក្តីដើម្បីធ្វើឱ្យ New York City FC ដែលឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងនោះស្គាល់ជើងឯកតែម្តង។

មុននឹងមកដល់វគ្គ ១១ម៉ែត្រកាត់សេចក្តីនេះ New York City បាននាំមុខមុននៅនាទីទី៤១ ដោយ Valentin Castellanos តែហៀបនឹងចប់កាប្រកួតទៅហើយពោលគឺនាទីទី៩០+៤ Portland ក៏តាមស្មើវិញដោយ Felipe Mora។ New York City គឺជាក្លិបទី ២០ ដែលទទួលបានអាជ្ញាប័ណ្ណប្រកួតនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer កាលពីឆ្នាំ២០១៣ ដែលស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន City Football Group ដែលមាន Manchester City ក៏ដូចជាក្លិបបេស្បល New York Yankees ជាដើម។ តាំងពីបានលេងរដូវកាលដំបូងនៅក្របខណ្ឌ Major League Soccer កាលពីឆ្នាំ២០១៥ New York City FC ធ្លាប់បាននាំយកកីឡាករល្បីៗមកចូលរួមផងដែរមានដូចជាអតីតខ្សែប្រយុទ្ធអេស្ប៉ាញ David Villa, វិរបុរសបាល់ទាត់អ៊ីតាលី Andrea Pirlo និងអតីតខ្សែម្រើអង់គ្លេស Frank Lampard ជាដើម៕
អត្ថបទ៖នាង សុភាវុធ