តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទ (១២ ឧសភា) នេះ បន្ទាប់ពីភាគីទាំងពីរនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កាលពីចុងសប្តាហ៍ បានបង្ហាញពីវឌ្ឍនភាពរបស់ពួកគេ ក្នុងជំហានជំរុញអារម្មណ៍ទីផ្សារ ដែលថាអ្នកប្រើប្រាស់ប្រេងឆៅធំជាងគេទាំងពីររបស់ពិភពលោក អាចនឹងឆ្ពោះទៅរកដំណោះស្រាយនៃជម្លោះពាណិជ្ជកម្ម។

តម្លៃភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ២៧សេន ឬ ០,៤% ដល់តួលេខ ៦៤,១៨ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល ០០:០១នាទីរំលងអាធ្រាត្រ។ ហ៊ុនប្រេងឆៅរបស់អាមេរិក WTI ត្រូវបានជួញដូរក្នុងតម្លៃ ៦១,៣០ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ២៨សេន ឬ ០,៥% ពីការបិទវគ្គក្នុងថ្ងៃសុក្រសប្ដាហ៍មុន។

សហរដ្ឋអាមេរិក និងចិន បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មលើភាពវិជ្ជមាន កាលពីថ្ងៃអាទិត្យ ដោយមន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងពី "កិច្ចព្រមព្រៀង" ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈមន្ត្រីចិនបាននិយាយថា ភាគីទាំងពីរបានឈានដល់ "ការឯកភាពដ៏សំខាន់"។

យ៉ាងណាមិញ ភាគីទាំងពីរមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយនៃកិច្ចពិភាក្សានោះទេ ដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយថា សេចក្តីថ្លែងការណ៍រួមនឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទ ១២ ឧសភា នេះ៕