ទីភ្នាក់ងារព័ត៌មាន Firat ដែលស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធនេះបាននិយាយនៅថ្ងៃចន្ទ (១២ ឧសភា) នេះថា ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើឌីស្ថាន ហៅកាត់ថា PKK ដែលមានជម្លោះជាមួយរដ្ឋទួរគី អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយនោះ បានសម្រេចចិត្តរំសាយក្រុមខ្លួនឯង និងបញ្ចប់ការតស៊ូប្រដាប់អាវុធរបស់ខ្លួន។

កាលពីខែកុម្ភៈ ស្ថាបនិក PKK និងជាមេដឹកនាំជាប់ពន្ធនាគារ លោក Abdullah Öcalan បានអំពាវនាវឱ្យក្រុមនេះរៀបចំសមាជដើម្បីរំសាយក្រុម និងទម្លាក់អាវុធចុះដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃជាមួយទួរគី។
ការសម្រេចចិត្តរបស់ PKK នេះនឹងមានផលវិបាកផ្នែកនយោបាយ និងសន្តិសុខយ៉ាងទូលំទូលាយសម្រាប់តំបន់ រួមទាំងនៅក្នុងប្រទេសស៊ីរីជិតខាង ជាទីដែលកងកម្លាំងឃឺដ ជាសម្ព័ន្ធមិត្តជាមួយកងកម្លាំងសហរដ្ឋអាមេរិក។ ការិយាល័យរបស់លោកប្រធានាធិបតីទួរគី Tayyip Erdogan និងក្រសួងការបរទេស មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើការប្រកាសនេះទេ។
គួរឱ្យដឹងថា ជម្លោះរវាងទួរគី និងក្រុម PKK បាននាំឱ្យមានការស្លាប់ជាង ៤ម៉ឺននាក់ ចាប់តាំងពីការចាប់ផ្តើមបះបោរនៅឆ្នាំ១៩៨៤មក។ គោលបំណងដំបូងរបស់ក្រុម PKK គឺដើម្បីបង្កើតរដ្ឋឃឺដផ្ដាច់ខ្លួនមួយ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទៅជាការទាមទារឱ្យមានស្វ័យភាពកាន់តែច្រើនពីទួរគី៕

