ក្រសួងមហាផ្ទៃរបស់ក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានវាយប្រហារលើទីក្រុងHodeidah ក្នុងប្រទេសយេម៉ែន បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានព្រមានប្រជាជននៃកំពង់ផែចំនួន ៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទីឲ្យជម្លៀសចេញ។

ការវាយប្រហារនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានព្រមានអ្នកស្រុកនៃកំពង់ផែ Ras Isa, Hodeidah និង Salif ឲ្យចាកចេញ ដោយនិយាយថា កំពង់ផែទាំងនេះ កំពុងត្រូវបានប្រើប្រាស់ដោយក្រុម ហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។
ពុំមានការអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារពីអ៊ីស្រាអែលទេ។
ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមីស៊ីលដែលបាញ់សំដៅទៅកាន់ប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ួទី ត្រូវបានស្ទាក់ចាប់។
ការវាយប្រហារនេះ បានកើតឡើងមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ( Donald Trump) ទៅកាន់មជ្ឈិមបូព៌ា ក្នុងសប្តាហ៍នេះ។

លោក ត្រាំ ដែលបានបើកយុទ្ធនាការយោធាកាន់តែខ្លាំងប្រឆាំងនឹងទីតាំងរឹងមាំរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយក្រុមនេះ ដែលបាននិយាយថា កិច្ចព្រមព្រៀងនេះ មិនរួមបញ្ចូលអ៊ីស្រាអែលទេ។
ក្រុមហ៊ួទី បាននឹងកំពុងបាញ់មីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល ក៏ដូចជាវាយប្រហារលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសកល នៅក្នុងយុទ្ធនាការមួយដែលពួកគេនិយាយថា មានគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។