ទីភ្នាក់ងារព័ត៌មានរដ្ឋ APS បានរាយការណ៍ថា កាលពីថ្ងៃទី ១១ ខែឧសភា អាល់ហ្សេរីបានកោះអញ្ជើញភារធារីបារាំងប្រចាំនៅប្រទេសនេះ និងទាមទារឲ្យបណ្តេញបុគ្គលិកស្ថានទូតបារាំងជាច្រើននាក់ ជាបន្ទាន់ ជុំវិញការរំលោភយ៉ាងធ្ងន់ធ្ងរលើនីតិវិធីការទូត។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីអ្វីដែលអាជ្ញាធរអាល់ហ្សេរីហៅថា «ការរំលោភធ្ងន់ធ្ងរ និងម្តងហើយម្តងទៀត» ដោយភាគីបារាំង រួមទាំងការតែងតាំងបុគ្គលិកការទូត និងកុងស៊ុល ដោយគ្មានការជូនដំណឹងជាមុន ឬការទទួលស្គាល់ជាផ្លូវការ ដែលបំពានលើបទដ្ឋានអន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

យោងតាមសារព័ត៌មានAPS បានឲ្យដឹងថា អាជ្ញាធរអាល់ហ្សេរីនាពេលថ្មីៗនេះ បានកំណត់អត្តសញ្ញាណបុគ្គលិកជនជាតិបារាំងយ៉ាងតិច ១៥នាក់ ដែលត្រូវបានចាត់តាំងឲ្យបំពេញបេសកកម្មនៅក្នុងប្រទេសអាល់ហ្សេរី ដោយមិនបំពេញនីតិវិធី ដែលត្រូវការ។ អ្នកខ្លះធ្លាប់កាន់លិខិតឆ្លងដែនសេវា ហើយក្រោយមកត្រូវបានចេញលិខិតឆ្លងដែនការទូត ដើម្បីសម្រួលដល់ការចូលប្រទេសនេះ។
ក្នុងចំណោម ១៥នាក់នោះ គឺជាមន្ត្រីពីររូបមកពីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង ដែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនឲ្យទៅទទួលភារកិច្ចរបស់បុគ្គលិកស្ថានទូតចំនួន ១២នាក់ ដែលត្រូវបានបណ្តេញចេញ ដោយអាល់ហ្សេរីកាលពីខែមុន បន្ទាប់ពីត្រូវបានប្រកាសថា ជាមនុស្សដែលគេមិនស្វាគមន៍។