នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃចន្ទ (១២ ឧសភា) នេះថា អ៊ីស្រាអែលមិនទាន់បានយល់ព្រមចំពោះបទឈប់បាញ់ ឬការដោះដូរអ្នកទោសជាមួយក្រុមហាម៉ាសទេ នៅមុនពេលការរំពឹងទុកនៃការដោះលែងចំណាប់ថ្នូរជនជាតិអាមេរិក ដើមកំណើតអ៊ីស្រាអែល ឈ្មោះ Edan Alexander។

ប្រភពដែលដឹងពីស្ថានការណ៍នេះបាននិយាយថា ការដោះលែងលោក Alexander ដែលជាចំណាប់ថ្នូរជនជាតិអាមេរិកនៅរស់រានចុងក្រោយក្នុងតំបន់ហ្កាហ្សា ត្រូវបានរំពឹងទុកនៅថ្ងៃចន្ទនេះ មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល ត្រូវបានជូនដំណឹងពីការសម្រេចចិត្តរបស់ក្រុមហាម៉ាស ក្នុងការធ្វើដូច្នេះ ដែលជាកាយវិការសុច្ឆន្ទៈចំពោះលោកប្រធានាធិបតីអាមេរិក Donald Trump។
ការដោះលែងនេះ បន្ទាប់ពីកិច្ចចរចា ៤ផ្លូវរវាងក្រុមហាម៉ាស សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា អាចបើកផ្លូវឱ្យមានការដោះលែងចំណាប់ថ្នូរសេសសល់ ៥៩នាក់នៅហ្កាហ្សា។ ប៉ុន្តែលោក Netanyahu និយាយថា អ៊ីស្រាអែលបានយល់ព្រមត្រឹមតែអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់លោក Alexander ប៉ុណ្ណោះ ហើយកងកម្លាំងអ៊ីស្រាអែល នឹងនៅតែបន្តផែនការត្រៀមលក្ខណៈដើម្បីពង្រឹងប្រតិបត្តិការនៅទីនោះ។
ព័ត៌មានដែលមិននឹកស្មានដល់នៃកិច្ចពិភាក្សាដែលពាក់ព័ន្ធក្រុមរវាងហាម៉ាស និងសហរដ្ឋអាមេរិកនេះបានកើតឡើងភ្លាមៗ មុនពេលលោក Trump គ្រោងនឹងចេញដំណើរទស្សនកិច្ចទៅកាន់រដ្ឋឈូងសមុទ្រ ដែលមិនរាប់បញ្ចូលការឈប់សំចតនៅអ៊ីស្រាអែលឡើយ៕

