បាល់ទាត់៖ វីរបុរសបាល់ទាត់កាម៉េរូន Samuel Eto’o ត្រូវបានបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កាម៉េរូន ១ខែមុនប្រទេសនៅតំបន់អាហ្វ្រិកមួយនេះធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations។ អតីតខ្សែប្រយុទ្ធ Barcelona និង Inter Milan រូបនេះនឹងមានបន្ទុកការងារជាច្រើននៅចំពោះមុខ ដើម្បីរៀបចំធ្វើកំណែទម្រង់ឡើងវិញ នៃរចនាសម្ព័ន្ធសហព័ន្ធបាល់ទាត់កាម៉េរូនដែលពេញភាពស្មុគស្មាញនៃអំពើពុករលួយ និងខ្វះការដឹកនាំត្រឹមត្រូវ។

FIFA ធ្លាប់បានធ្វើអន្តរាគមន៍ជាច្រើនលើក ដើម្បីបញ្ចប់ជម្លោះក្នុងចំណោមមន្ត្រីនៃសហព័ន្ធបាល់ទាត់កាម៉េរូន។ បុរសវ័យ ៤០ឆ្នាំ Samuel Eto’o ទទួលបានជ័យជំនះក្នុងការបោះឆ្នោតលើកនេះ ក្រោយទទួលបានសំឡេងគាំទ្រ ៤៣សំឡេងនៃមហាសន្និបាទសហព័ន្ធកីឡាបាល់ទាត់កាម៉េរូន ខណៈគូប្រជែងគឺប្រធានសហព័ន្ធបច្ចុប្បន្នលោក Seydou Mbombouo ទទួលបាន ៣១សំឡេងគាំទ្រ។ សូមបញ្ជាក់ថា ប្រទេសកាម៉េរូននឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នេះចាប់ពីថ្ងៃទី៩ ខែមករាដល់ថ្ងៃទី៦ ខែកុម្ភៈ។ កាម៉េរូនធ្លាប់ត្រូវបានដក់សិទ្ធិរៀបចំម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ដោយសារការរៀបចំមិនទាន់ក៏ដូចជាបញ្ហាសន្តិសុខក្នុងប្រទេសផងដែរ៕
អត្ថបទ៖នាង សុភាវុធ