កីឡាករប្រណាំងម៉ូតូ Johann Zarco បានក្លាយជាកីឡាករបារាំងដំបូងក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងលើទឹកដីបារាំងរបស់ខ្លួន French Grand Prix នៅចំពោះមុខអ្នកគាំទ្រជាង ១២ ម៉ឺននាក់។
ការប្រណាំងនៅទីលាន Le Mans ក្រុម LCR Honda បានសម្រេចប្រើប្រាស់សំបកកង់ការពារសំណើមនៅពេលចេញដំណើរ ហើយការប្រកួតក៏ពេញដោយភាពច្របូកច្របល់ដោយសារភ្លៀងធ្លាក់ ខណៈកីឡាករម្នាក់មានការផ្លាស់ប្តូរម៉ូតូជាច្រើនដង។
Johann Zarco បានឈ្នះការប្រណាំងដោយមកដល់ទីព្រ័ត្រលឿនជាងគេដល់ទៅជិត ២០ វិនាទី ឈ្នះអ្នកលេខពីរកីឡាករអេស្ប៉ាញ Marc Marquez ខណៈលេខបីបានទៅកីឡាកររបស់ក្រុម Gresini Racing, Fermin Aldeguer ដែលជាតំណែងលើវេទិកាកិត្តិយសលើកដំបូងសម្រាប់កីឡាករអេស្ប៉ាញរូបនេះ។
Johann Zarco បានចេញដំណើរនៅលេខ ១៧ នៅជុំទីមួយ គេចផុតពីការប៉ះទង្គិចគ្នាដោយសាររអិល ជិះឡើងមកលើផ្លូវវិញ នាំមុខការប្រកួតដោយមិនងាកក្រោយរហូតដល់ទីបញ្ចប់។
Johann Zarco គឺជាកីឡាករបារាំងដំបូងគេហើយក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងនៅក្នុងទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ១៩៥៤ ដែលឈ្នះដោយ Pierre Monneret។
គិតត្រឹម ៦ ទីលានរដូវកាលថ្មីនេះ Marc Marquez បន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកមានសរុប ១៧១ ពិន្ទុ តាមពីក្រោយដោយប្អូនប្រុស Alex Marquez មាន ១៤៩ ពិន្ទុ និងលេខបីកីឡាករអ៊ីតាលី Francesco Bagnaia មាន ១២០ ពិន្ទុ។
ទីលានទី ៧ រដូវកាលនេះ MotoGP នឹងបន្តដំណើរទៅ Silverstone ចក្រភពអង់គ្លេសថ្ងៃទី ២៥ ខែឧសភានេះ៕
អត្ថបទ៖នាង សុភាវុធ