ប្រទេសវៀតណាម និងរុស៊ី កាលពីថ្ងៃអាទិត្យ (ទី១១ ឧសភា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាដោយមិនមានការបង្អែបង្អង់ ជុំវិញកិច្ចចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅវៀតណាម។
បន្ទាប់ពីមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់មេដឹកនាំវៀតណាម លោក To Lam ប្រទេសទាំង២ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការអភិវឌ្ឍរោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម ហើយសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

ប្រទេសអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមឡើងវិញនូវផែនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានផ្អាកជិតមួយទសវត្សរ៍មុន ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពផលិតថាមពល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។
រដ្ឋាភិបាលបានឲ្យដឹងពីមុនថា ខ្លួនរំពឹងថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងដែលមានសមត្ថភាពផលិតរួមបញ្ចូលគ្នារហូតដល់ ៦,៤ជីហ្គាវ៉ាត់ នឹងចាប់ផ្ដើមដំណើរការ នៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥។ ហើយរដ្ឋាភិបាលបានលើកឡើងនៅដើមឆ្នាំនេះថា ខ្លួននឹងជួបពិភាក្សាជាមួយដៃគូបរទេស អំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងបន្ថែមទៀតថា វៀតណាម និងរុស្ស៊ី ក៏បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន ក្នុងនោះរួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ។ ហើយសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា រុស្ស៊ី និងវៀតណាម ក៏នឹងសម្របសម្រួលការពង្រីកក្រុមហ៊ុនថាមពលរបស់ប្រទេសទាំង២ នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកផងដែរ៕
