ក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) បានឲ្យដឹងថា អ៊ីស្រាអែលបានវាយប្រហារទីក្រុង Hodeida ក្នុងប្រទេសយេម៉ែន បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានព្រមានអ្នកស្រុកនៃកំពង់ផែចំនួន៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទីឲ្យជម្លៀសចេញ។
ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែលបានព្រមានអ្នកស្រុកនៅទីក្រុង Ras Isa, Hodeida និង Salif ឲ្យចាកចេញ ដោយប្រាប់ថា ទីក្រុងកំពង់ផែទាំងនេះកំពុងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។

ប៉ុន្តែប្រធានទីភ្នាក់ងារព័ត៌មានរដ្ឋ Saba ដែលគ្រប់គ្រងដោយក្រុមហ៊ួទី លោក Nasruddin Amer បានបដិសេធថា មិនមានវាយប្រហារណាមួយរបស់អ៊ីស្រាអែលលើកំពង់ផែយេម៉ែន។ មិនមានការអត្ថាធិប្បាយភ្លាមៗ អំពីការវាយប្រហារពីអ៊ីស្រាអែលនេះទេ។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមីស៊ីលបាញ់សំដៅទៅកាន់អ៊ីស្រាអែលដោយក្រុមហ៊ួទី ត្រូវបានស្ទាក់ចាប់។ ហើយវាក៏បានកើតឡើងផងដែរ នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់មជ្ឈិមបូព៌ា ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា លោក Trump ដែលបានចាប់ផ្តើមយុទ្ធនាការយោធាកាន់តែខ្លាំងក្លា ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយប្រទេសអូម៉ង់ ជាមួយក្រុមនេះ តែបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលអ៊ីស្រាអែលនោះទេ៕
