ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរការបោះឆ្នោតបានបិទនៅក្នុងប្រទេសអាល់បានី វានៅតែមិនទាន់ច្បាស់នោះទេថា តើគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច បានឈ្នះអាណត្តិទី៤ ជាប្រវត្តិសាស្ត្រដែរ ឬទេ និងថា តើក្រុមប្រឆាំងគឺគណបក្សប្រជាធិបតេយ្យ បាននាំមុខដែរ ឬទេ បន្ទាប់ពីមាននូវយុទ្ធនាការបោះឆ្នោតដែលប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា។

មិនមានបណ្តាញព័ត៌មានអាល់បានីសូម្បីតែមួយ បានចេញផ្សាយការស្ទង់មតិពីអ្នកបោះឆ្នោតរួចហើយ ដែលធ្វើឲ្យអ្នកបោះឆ្នោត និងអ្នកសង្កេតការណ៍ មិនដឹងលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ចំពោះដំណើរផ្លូវរបស់អាល់បានីឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប (EU)។ មន្ត្រីរៀបចំការបោះឆ្នោតរំពឹងថា លទ្ធផលនឹងត្រូវផ្សាយឲ្យដឹងនៅថ្ងៃអង្គារ (ទី១៣ ខែឧសភា)។
អ្នកវិភាគនយោបាយ លោក Lutfi Dervishi បានប្រាប់សារព័ត៌មាន Politico ថា៖ «លទ្ធផលស្ទង់មតិពីអ្នកបោះឆ្នោតរួចហើយមិនត្រូវបានចេញផ្សាយ សូម្បីតែពីបណ្តាញព័ត៌មានដែលបានប្រកាសថា ពួកគេនឹងមានការស្ទង់មតិនៅយប់បោះឆ្នោត។ មិនមានការផ្ដល់ចម្លើយច្បាស់លាស់ថា ហេតុអ្វីបានជារឿងនេះកើតឡើង»។
តែបើតាមលទ្ធផលស្ទង់មតិតែមួយគត់ចេញផ្សាយដោយអង្គភាព Klan Kosova ដែលជាបណ្តាញព័ត៌មានមកពីប្រទេសជិតខាងកូសូវ៉ូ និងគេហទំព័រព័ត៌មានអាល់បានី Post ជាភាសាអង់គ្លេសដែលត្រូវបានគេស្គាល់ថា មានទស្សនៈគាំទ្ររដ្ឋាភិបាល ចង្អុលបង្ហាញពីការឈ្នះដាច់ សម្រាប់គណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី Edi Rama ដោយទទួលបានសំឡេងឆ្នោត ៥១ភាគរយ ខណៈគណបក្សប្រជាធិបតេយ្យរបស់លោក Sali Berisha តាមពីក្រោយជាមួយសំឡេង ៣៨ភាគរយ៕

