ប្រជាជនរុស្ស៊ី នៅទីក្រុងមូស្គូ បានសម្តែងក្តីសង្ឃឹមកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន បន្ទាប់ពីសំណើរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់កិច្ចការចរចាដោយផ្ទាល់ជាមួយទីក្រុងគីវ ដើម្បីបញ្ចប់សង្រ្គាម។ លោកPutin កាលពីថ្ងៃអាទិត្យ បានស្នើសុំការចរចាដោយផ្ទាល់ ជាគំនិតផ្តួចផ្តើមមួយដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាអ្នកដែលបាននិយាយថា ទីក្រុងគីវ មានឆន្ទៈក្នុងការចរចា ប៉ុន្តែទីក្រុងមូស្គូត្រូវតែព្រមព្រៀងចំពោះបទឈប់បាញ់។

លោកPutin បានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានផ្ទុះសង្រ្គាមសម្លាប់ទាហានរាប់សែននាក់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ ដោយកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ មេដឹកនាំរុស្ស៊ីបានផ្តល់សម្បទានតិចតួចប៉ុណ្ណោះ រហូតមកដល់ពេលនេះ ប៉ុន្តែបានស្នើឱ្យមានការចរចាជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី១៥ ខែឧសភា ដែលលោកបាននិយាយថា នឹងត្រូវធ្វើឡើងដោយគ្មានលក្ខខណ្ឌជាមុន និងគោលបំណងសន្តិភាពយូរអង្វែង។
លោក Putin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ពីវិមានក្រឹមឡាំងថា «យើងកំពុងស្នើឱ្យទីក្រុងគីវ បន្តការចរចាដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌជាមុន»។
លោក Zelenskiy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម X ថា វាជា «សញ្ញាវិជ្ជមាន ដែលទីបំផុតរុស្ស៊ី បានចាប់ផ្តើមពិចារណាបញ្ចប់សង្រ្គាម» ប៉ុន្តែ ជំហានដំបូងបំផុតក្នុងការបញ្ចប់សង្រ្គាមពិតប្រាកដ គឺជាបទឈប់បាញ់។

