រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើខុសច្បាប់ ខណៈដែលបេក្ខជនចាប់ផ្តើមយុទ្ធនាការផ្លូវការរបស់ពួកគេសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ០៣ ខែមិថុនា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Sung-jae និងរដ្ឋមន្ត្រីមហាផ្ទៃស្តីទីលោក Ko Ki-dong បានធ្វើការអត្ថាធិប្បាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា ពួកគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យមាន «ការបោះឆ្នោតដោយយុត្តិធម៌ និងស្អាតស្អំ»។

រដ្ឋាភិបាលនេះ គ្រោងនឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់រាល់ការរំលោភលើបទប្បញ្ញត្តិទាក់ទងនឹងការស្ទង់មតិ ការចែកចាយព័ត៌មានមិនពិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើហិង្សាដែលកើតឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ស្របតាមគោលការណ៍គ្មានការអត់ឱន។
លោក Ko បាននិយាយថា “រដ្ឋាភិបាលនឹងមិនអត់ឱនចំពោះទង្វើខុសច្បាប់ណាមួយ ឬការរំលោភបំពានរបស់មន្ត្រីសាធារណៈចំពោះកាតព្វកិច្ចក្នុងការរក្សាអព្យាក្រឹតភាពនយោបាយ ក្នុងអំឡុងពេលដំណើរការបោះឆ្នោត»។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កើតឡើងបន្ទាប់ពីការទម្លាក់ពីតំណែងនូវអតីតប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ខ្លួនកាលពីខែធ្នូ។
