ភ្នំពេញ៖ ក្រុមអភិរក្សបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ការអភិរក្សសត្វត្រយងចង្កំ-ក-ស កុំឱ្យផុតពូជពីលើលោក ព្រោះមកដល់ពេលនេះ ប្រទេសកម្ពុជា មានវត្តមានសត្វប្រភេទនេះច្រើនជាងគេ ខណៈនៅទូទាំងពិភពលោកចំនួនសរុបនៃសត្វនេះ មានតែជាង ១០០០ក្បាលនោះ។
នៅឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមមានអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) និងក្រុមហ៊ុន Rising Phoenix បានសហការគ្នាធ្វើជំរឿនសត្វត្រយងចង្កំ-ក-ស នៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជា ចាប់ពីខែកក្កដា ដល់ខែតុលា ដោយរកឃើញចំនួនដល់ទៅ ៧៥៤ក្បាល។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗ នៃចំនួនប្រភេទសត្វ ដែលជិតផុតពូជមួយនេះ។
ត្រយងចង្កំ-ក-ស គឺជាអំប្បូរសត្វស្លាប ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះ មានដើមកំណើតនៅតំបន់មួយចំនួន នៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះ បានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។
នៅក្នុងប្រទេសកម្ពុជា សត្វនេះ មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គ នៃដែនជម្រកសត្វព្រៃសំបូរ។ទោះជាយ៉ាងណា ក៏នៅមានកត្តាគំរាមកំហែង ដូចជាការបាត់បង់ទីជម្រក ការកាប់ដើមឈើ ដែលពួកវាធ្វើសម្បុក និងទ្រនំ ការបំពុលប្រភពទឹក និងការរំខានរបស់មនុស្ស។
ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការដៃគូ ក្នុងការអភិរក្សសត្វនេះ ដោយបានចាប់ផ្តើមធ្វើជំរឿនជារៀងរាល់ឆ្នាំ នៅទីតាំងសំខាន់ៗចំនួនបួន ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូង មានសត្វនេះ ចំនួន៣១០ក្បាលប៉ុណ្ណោះ។ បួនឆ្នាំបន្ទាប់ ចំនួនសត្វនេះ បានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកតិចជាង ៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូ បាននឹងកំពុងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជានៅសល់ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងអភិរក្សសត្វកម្រៗ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ» ៕



