បើយោងតាមការសិក្សាប្រចាំឆ្នាំនៃការយល់ឃើញអំពីលទ្ធិប្រជាធិបតេយ្យដែលត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) នេះ បានបង្ហាញថា ទស្សនៈវិជ្ជមានជាសកល ចំពោះសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅទូទាំងពិភពលោក ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយឥឡូវនេះ គឺកាន់តែមានភាពអវិជ្ជមានខ្លាំងទៅៗជាងទស្សនៈយល់ឃើញលើប្រទេសចិន។
ការស្ទង់មតិនេះមិនបានផ្ដល់ព័ត៌មានលម្អិតអំពីលក្ខណៈវិនិច្ឆ័យដែលបានប្រើប្រាស់នោះទេ ប៉ុន្តែសមាគមមូលនិធិប្រជាធិបតេយ្យដែលបានរៀបចំការស្ទង់មតិនេះឡើង ឲ្យដឹងថា គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីការពារ និងលើកកម្ពស់តម្លៃរបសស់លទ្ធិប្រជាធិបតេយ្យ។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាទស្សនយល់ឃើញវិជ្ជមាន ចំពោះសហរដ្ឋអាមេរិក ធ្លាក់ចុះ ស្ថាបនិកសមាគម និងជាអតីតអគ្គលេខាធិការអង្គការណាតូ លោក Anders Fogh Rasmussen បាននិយាយថា៖ «ប្រធានាធិបតី លោក (Donald) Trump បានបង្កឲ្យមានសង្រ្គាមពាណិជ្ជកម្ម ស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន នៅក្នុងការិយាល័យប្រធានាធិបតី Oval Office ធ្វើឲ្យសម្ព័ន្ធមិត្តមានអារម្មណ៍ងាយរងគ្រោះ ហើយសត្រូវត្រូវបានពង្រឹង»។
លោកបានបន្ថែមថា៖ «វាមិនគួរឲ្យភ្ញាក់ផ្អើលនោះឡើយដែលមតិវិជ្ជមាន បានធ្លាក់ចុះ សូម្បីតែក្នុងចំណោមមនុស្ស ដូចជារូបខ្ញុំជាដើម ដែលពេញមួយជីវិតកោតសរសើរសហរដ្ឋអាមេរិក និងផ្ដល់តម្លៃឲ្យប្រទេសនេះ»។
សមាគមបានបញ្ជាក់ថា ការសន្និដ្ឋាន នៅក្នុងការស្ទង់មតិនៃសន្ទស្សន៍ទស្សនយល់ឃើញ អំពីលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី៩ ខែមេសាដល់ថ្ងៃទី២៣ ខែមេសា ជាមួយក្រុមហ៊ុនបោះឆ្នោត Nira Data គឺផ្អែកលើអ្នកឆ្លើយសំណួរជាង ១១១.០០០នាក់ នៅទូទាំងពិភពលោក៕
