ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះ នាំគ្នាធ្វើសេចក្តីអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកកាន់ឈូងសមុទ្រ ស្នើសុំលោកឲ្យមានបទឈប់បាញ់អចិន្រ្តៃយ៍ ការចូលជំនួយ និងការកសាងតំបន់ហ្កាហ្សាឡើងវិញ ។
អ្នកនាំពាក្យក្រុមហាម៉ាស និយាយថា នៅថ្ងៃចន្ទនេះ ក្រុមហាម៉ាសនឹងដោះលែងចំណាប់ថ្នូរបុរសកូនកាត់អាមេរិក-អ៊ីស្រាអែលលោក Edan Alexander ដែលគេជឿថា គឺជាចំណាប់ថ្នូរអាមេរិកនៅមានជីវិតចុងក្រោយត្រូវបានចាប់យកទៅដោយក្រុមជីវពលប៉ាឡេស្ទីនមួយនេះ នៅតំបន់ហ្កាហ្សា ។

រដ្ឋបាលរបស់លោក Trumpនិយាយថា ការដោះលែងលោក Alexander គឺជាអាទិភាពកំពូល ។ លោក Alexander វ័យ ២១ឆ្នាំ ត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស អំឡុងការវាយប្រហារលើអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ។
លោក Trumpត្រូវបានគេរំពឹងថា នឹងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ ។
ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ ធ្វើជាចំណាប់ថ្នូរ យកទៅកាន់តំបន់ហ្កាហ្សា ។ យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.០០០នាក់ ៕
