ប្រជាពលរដ្ឋរស់នៅតាមទីក្រុងព្រំដែនរបស់ឥណ្ឌា និយាយនៅថ្ងៃចន្ទនេះថា សង្រ្គាមមិនមែនជាដំណោះស្រាយនោះទេ ហើយពួកគេអំពាវនាវឲ្យដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា ក្រោយបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន បានចូលជាធរមាន ។

អ្នកស្រុកមួយរូបរស់នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា និយាយថា សង្រ្គាមមិនដែលដោះស្រាយបញ្ហាបាននោះទេ ។
ឥណ្ឌា និងប៉ាគីស្ថាន បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ក្រោយទីក្រុងញូវដែល្លី វាយប្រហារអ្វីដែលពួកគេនិយាយថា គឺជាហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវកម្ម នៅក្នុងដែនដីប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធសប្តាហ៍មុន ។
ការវាយប្រហាររបស់ឥណ្ឌា បានកើតមានឡើង ក្រោយទីក្រុងញូវដែល្លី ដាក់ការស្តីបន្ទោសប៉ាគីស្ថានសម្រាប់ការវាយប្រហារកាលពីខែមុនដែលបានសម្លាប់មនុស្ស ២៦នាក់ ។
ប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់របស់ឥណ្ឌាថា ពួកគេពុំមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះឡើយ ។
ឥណ្ឌានិយាយថា ក្រុមមេបញ្ជាការប្រតិបត្តិការសឹកប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ នឹងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ លើជំហានបន្ទាប់សម្រាប់ពួកគេ ៕
