នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ពីការដោះលែងចំណាប់ថ្នូរកូនកាត់អ៊ីស្រាអែល-អាមេរិកលោក Edan Alexander ហើយលោកនិយាយថា លោកដឹងគុណចំពោះអ្នកជាប់ពាក់ព័ន្ធទាំងអស់ ។
លោក Trump សរសេរថា នេះគឺជាជំហានមួយដែលត្រូវបានធ្វើឡើងដោយស្មោះត្រង់ចំពោះសហរដ្ឋអាមេរិក និងកិច្ចខិតខំរបស់ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្រ្គាមដ៏ឃោឃៅបំផុតមួយនេះ ហើយនិងប្រគល់ចំណាប់ថ្នូរនៅរស់ទាំងអស់ និងសាកសពមកកាន់មនុស្សជាទីស្រលាញ់របស់ពួកគេវិញ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលពុំបានយល់ព្រមនោះទេនឹងបទឈប់បាញ់ណាមួយនៃការដោះលែងអ្នកទោសជាមួយក្រុមហាម៉ាស ប៉ុន្តែពួកគេនឹងបើកច្រករបៀងសុវត្ថិភាព ដើម្បីអនុញ្ញាតការដោះលែងចំណាប់ថ្នូរកូនកាត់អ៊ីស្រាអែល-អាមេរិក Edan Alexander ។
អ៊ីស្រាអែលត្រូវបានជូនដំណឹងកាលពីរយៈពេល ១ថ្ងៃមុនពីការសម្រេចចិត្តរបស់ក្រុមហាម៉ាសដោះលែងលោក Alexander ដែលជាចំណាប់ថ្នូរអាមេរិកនៅរស់ចុងក្រោយគេបង្អស់ ក្នុងកាយវិការសុច្ឆន្ទៈចំពោះលោកប្រធានាធិបតី Trump ក្រោយកិច្ចប្រជុំ ៤ផ្លូវរវាងក្រុមហាម៉ាស សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ។
ការដោះលែងនេះ អាចបើកផ្លូវដោះលែងបន្ថែមទៀតចំណាប់ថ្នូរផ្សេងទៀត ក្នុងចំណោមចំណាប់ថ្នូរ ៥៩នាក់ នៅជាប់ខ្លួនក្នុងតំបន់ហ្កាហ្សា ប៉ុន្តែលោក Netanyahu និយាយថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តត្រៀមខ្លួនក្នុងការបង្កើនប្រតិបត្តិការយោធារបស់ពួកគេនៅទីនោះ ៕

