ទីក្រុងជាច្រើននៅរដ្ឋភាគពាយ័ព្យ Rajasthan និង Punjab របស់ឥណ្ឌា បានប្រែក្លាយជាងងឹតឈឹងកាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុមអាជ្ញាធរប្រកាសថា ការផ្តាច់ចរន្តអគ្គិសនី គឺជាវិធានការការពារ រយៈពេល ១ថ្ងៃក្រោយប៉ាគីស្ថាន បំពានបទឈប់បាញ់ ។

នៅព្រឹកថ្ងៃនេះ យោធាឥណ្ឌា បាននិយាយថា ពួកគេបានផ្ញើរសារតាមទូរស័ព្ទទៅកាន់ប៉ាគីស្ថានពីការបំពានបទឈប់បាញ់ និងបានជូនដំណឹងពីបំណងរបស់ទីក្រុងញូវដែល្លីក្នុងការឆ្លើយតបបើសិនជាវាកើតមានម្តងទៀត ។
បទឈប់បាញ់ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ដែលបានសម្លាប់មនុស្សជិត ៧០នាក់ ។
ការវាយប្រហាររបស់ឥណ្ឌា បានកើតមានឡើង ក្រោយទីក្រុងញូវដែល្លី ដាក់ការស្តីបន្ទោសប៉ាគីស្ថានសម្រាប់ការវាយប្រហារកាលពីខែមុនដែលបានសម្លាប់មនុស្ស ២៦នាក់ ។
ប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់របស់ឥណ្ឌាថា ពួកគេពុំមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះឡើយ ។
ឥណ្ឌានិយាយថា ក្រុមមេបញ្ជាការប្រតិបត្តិការសឹកប្រទេសទាំង ២ នឹងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ លើជំហានបន្ទាប់សម្រាប់ពួកគេ ៕
