កណ្ដាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវទៅរោងចក្រ សហគ្រាសទាំងអស់ដែលកំពុងអនុវត្តប្រាក់បៀវត្សកម្មករ ១៧០ដុល្លារក្នុងឆ្នាំនេះ ត្រូវត្រៀមលក្ខណៈសម្បត្តិអនុវត្តប្រាក់បៀវត្ស១៨២ដុល្លារ និងបើក២សប្តាហ៍ម្តងឱ្យបានទៀងទាត់នៅខែមករាដើមឆ្នាំ២០១៩ ខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវបែបនេះ ខណៈសម្តេចបានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨វិច្ឆិកានេះ។
សម្តេចបានមានប្រសាសន៍ថា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ប្រាក់បៀវត្សកម្មករ ចំនួន ១៨២ដុល្លារ នឹងត្រូវអនុវត្ត និងត្រូវបើកក្នុងរយៈពេលពីរសប្តាហ៍ម្តង ហើយសម្តេចក៏បានអំពាវនាវឱ្យគ្រប់បណ្តារោងចក្រ សហគ្រាសទាំងអស់ក៏ដូចជាស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀត ត្រូវត្រៀមលក្ខណៈសម្បត្តិ អនុវត្តឱ្យបានល្អ កុំឱ្យមានការរអាក់រអួល។
កម្មករ កម្មការិនី បានបង្ហាញការសប្បាយរីករាយ ដែលនឹងការទទួលបានប្រាក់បៀវត្សកើននៅដើមឆ្នាំ២០១៩ខាងមុខ និងបានសាទរ នឹងគោលនយោបាយបើកប្រាក់ខែជូនក្នុងរយៈពេល២សប្តាហ៍ម្តង។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ ក៏យកឱកាស បង្ហាញនូវការប្រៀបធៀបនៃប្រាក់បៀវត្សកម្មករ នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់ដែលនៅមានចំនួនតិចជាងយើងនៅឡើយ។
ទោះជាយ៉ាងណា សម្តេចនៅតែមានមហិច្ឆតា ខិតខំធ្វើយ៉ាងណាឱ្យប្រាក់បៀវត្សរបស់កម្មករយើងឡើងដល់២៤០ដុល្លារក្នុង១ខែ ដោយរដ្ឋបានការគិតគូរ ត្រៀមថវិកាប្រមាណ៨០លានដុល្លារថែមទៀត សម្រាប់ប៉ះប៉ូវទៅលើការបញ្ចុះតម្លៃអគ្កិសនី ដើម្បីឱ្យមានការតម្លើងប្រាក់បៀវត្សនេះបានឡើងដល់២៤០ដុល្លារនៅពេលណាមួយ។
សម្តេចបានរម្លឹកថា គ្រាន់តែ២ឆ្នាំនេះ ការលះបង់ ប៉ះប៉ូវរបស់រដ្ឋ ទៅលើការបញ្ចុះថ្លៃអគ្គិសនីដើម្បីតម្លើងប្រាក់បៀវត្សកម្មករនោះ រដ្ឋបានលះបង់រហូតដល់១២០លានដុល្លារអាមេរិករួចទៅហើយ៕