អ៊ុយក្រែននិយាយថា រុស្ស៊ីបានវាយប្រហារយានដ្រូនជាង ១០០គ្រឿងកាលពីយប់កន្លងទៅ បើទោះបីជាមានការប៉ុនប៉ងពីសម្ព័ន្ធមិត្តក្រុងគីវ ឲ្យទីក្រុងម៉ូស្គូ ចាប់ផ្តើមបទឈប់បាញ់រយៈពេល ៣០ថ្ងៃក៏ដោយ ។
កងទ័ពអាកាសអ៊ុយក្រែននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញយានដ្រូន ៥៥គ្រឿង ក្នុងចំណោនយានដ្រូន ១០៨គ្រឿងដែលរុស្ស៊ីបានបើកការវាយប្រហារចាប់តាំងពីម៉ោង ១១យប់ ថ្ងៃអាទិត្យ ចំថ្ងៃចាប់ផ្តើមបទឈប់បាញ់ដែលស្នើសុំដោយទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា ការវាយប្រហារនេះ រួមទាំងយានដ្រូនបន្លំខ្លួនចំនួន ៣០គ្រឿង ដែលបាត់ដាននៅតាមផ្លូវដោយពុំវាយប្រហារចំគោលដៅនោះឡើយ ។ យានដ្រូនមួយចំនួន ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើត ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាលអ៊ុយក្រែន ។
រដ្ឋបាលយោធាអ៊ុយក្រែន និយាយថា មនុស្សម្នាក់ បានរងរបួស ហើយអគាររស់នៅរបស់អ្នកស្រុកជាច្រើនខ្នង រងការខូចខាតនៅតំបន់ភាគខាងត្បូង Odesa ។ ការវាយប្រហារនេះដែរ ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង និងបណ្តាលឲ្យអ្នកបើករថភ្លើងម្នាក់ រងរបួសនៅតំបន់ភាគខាងកើត Donetsk ។
ប្រតិបត្តិករផ្លូវរថភ្លើងជាតិអ៊ុយក្រែន Ukrzaliznytsia និយាយថា សំណើបទឈប់បាញ់ ពុំត្រូវបានអើពើនោះទេ ហើយសត្រូវនៅតែបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ។
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវកាលពីថ្ងៃសៅរ៍ ក្រុមមេដឹកនាំបារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអង់គ្លេស បានអំពាវនាវឲ្យរុស្ស៊ី យល់ព្រមបទឈប់បាញ់គ្មានលក្ខខណ្ឌ ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីអនុញ្ញាតឲ្យមានកិច្ចប្រជុំស្វែងរកសន្តិភាព គឺជាសំណើមួយដែលពួកគេនិយាយថា ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ៕