ក្រុមជនជាតិអាហ្វ្រិកខាងត្បូងស្បែកស. ៤៩នាក់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ O.R. Tambo ស្ថិតក្នុងទីក្រុង Johannesburg កាលពីថ្ងៃអាទិត្យ ជាការចាប់ផ្តើមរលកនៃការផ្លាស់ទីលំនៅក្រោមកម្មវិធីជនភៀសខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនអាហ្វ្រិកខាងត្បូង បាននិយាថា មនុស្សមួយក្រុមនេះ នឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Washington Dulles ស្ថិតក្នុងរដ្ឋ Virginia ហើយបន្ទាប់មកពួកគេនឹងបន្តដំណើរទៅកាន់រដ្ឋ Texas ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលគ្រប់គ្រងការផ្លាស់ទីលំនៅរបស់ពលរដ្ឋអាហ្វ្រិកខាងត្បូងនេះ បន្ទាប់ពីរដ្ឋបាលលោក Trumpផ្តល់ឋានៈជាជនភៀសខ្លួនដល់ពួកគេ ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ។
លោក Trumpបានចាប់ផ្តើមបោសសម្អាតការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ក្រោយឡើងកាន់តំណែងកាលពីខែមករា រួមទាំងការផ្អាកការតាំលំនៅថ្មីរបស់ជនភៀសខ្លួន ។ នៅក្នុងបទបញ្ជាប្រតិបត្តិពាក់ព័ន្ធ ប្រធានាធិបតីមកពីគណបក្សសាធាណរដ្ឋរូបនេះ និយាយថា សហរដ្ឋអាមេរិកទទួលយកតែអ្នកដែលអាចរស់នៅបានពេញលេញ និងត្រឹមត្រូវប៉ុណ្ណោះ ។
បើទោះបីជាបង្កកជនភៀសខ្លួនយ៉ាងទូលំទូលាយយ៉ាងណាក្តី កាលពីខែកុម្ភៈ លោក Trump បានអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ពលរដ្ឋអាហ្វ្រិកស្បែកស.ដែលជាកូនចៅអ្នកតាំងលំនៅហូឡង់ ដោយលោកនិយាយថា ពួកគេបានក្លាយជាជនរងគ្រោះនៃការរើសអើងជាតិសាសន៍មិនយុត្តិធម៌ ៕

