ក្រុមឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយថា ជនស៊ីវិលយ៉ាងហោច ១៣០នាក់របស់ជនជាតិភាគតិច Fulani ត្រូវបានសម្លាប់ដោយកងទ័ពប៊ូគីណាហ្វាសូ និងក្រុមជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ នៅជិតទីក្រុងភាគខាងលិច Solenzo កាលពីខែមីនា ។
ក្រុម HRW និយាយក្នុងរបាយការណ៍បញ្ចេញនៅថ្ងៃចន្ទនេះថា ការសម្លាប់រង្គាលនេះ បានកើតឡើងស្របពេលយុទ្ធនាការយៈពេលច្រើនសប្តាហ៍របស់កងកម្លាំងពិសេស បណ្តាលឲ្យស្លាប់ជនស៊ីវិលយ៉ាងច្រើន ហើយនិងការជម្លៀសខ្លួនទ្រង់ទ្រាយធំនៅតាមសហគមន៍ជនជាតិភាគតិច Fulani ។
ពួកគេបន្តថា ក្រោយមកក្រុមជីវពលជាខ្សែបណ្តាញរបស់ក្រុមអាល់កៃដា គឺក្រុម Jamaat Nusrat al-Islam wa al-Muslimin បានបើកការវាយប្រហារសងសឹកលើភូមិជាច្រើនដែលក្រុមប្រដាប់អាវុធមួយនេះ យល់ឃើញថាបានជួយដល់យោធា ។
លោក Ilaria Allegrozzi គឺជាអ្នកស្រាវជ្រាវតំបន់ Sahel ជាន់ខ្ពស់មួយរូបនៅក្រុម HRW និយាយក្នុងសេចក្តីថ្លែងការណ៍ថា វីដេអូដែលបានសាយភាយយ៉ាងឆាប់រហ័សពីអំពើឃោឃៅដោយក្រុមជីវពលគាំទ្ររដ្ឋាភិបាលនៅជិតទីក្រុង Solenzo ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយរៀបរាប់ពីដំណើររឿងកើតឡើង ។
លោកAllegrozz បន្តថា ការស្រាវជ្រាវបន្ថែមទៀត បានរកឃើញថា យោធាប៊ូគីណាហ្វាសូ នៅពីក្រោយការសម្លាប់រង្គាលជនស៊ីវិល Fulani ទ្រង់ទ្រាយធំទាំងនេះ ៕

