អ្នកតាមដានភាពអត់ឃ្លានសកលលោក ព្រមានថា ការបិទច្រករបស់អ៊ីស្រាអែល បានគំរាមកំហែងដល់មនុស្សទាំងមូលនៅតំបន់ហ្កាហ្សាស្រ្ទីបដែលនឹងកើតគ្រោះទុរ្ភិក្ស ហើយមនុស្ស ៥០ម៉ឺននាក់ ប្រឈមនឹងការដាច់ពោះស្លាប់ ។
របាយការណ៍របស់គំនិតផ្ដួចផ្ដើមជំហានសុវត្ថិភាពស្បៀងអាហាររួម (IPC) ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ និយាយថា តំបន់ហ្កាហ្សាស្រ្ទីប នៅប្រឈមហានិភ័យធ្ងន់ធ្ងរនៃគ្រោះទុរ្ភិក្ស ក្រោយរយៈពេលជាង ១ឆ្នាំនៃសង្រ្គាមខ្ទេចខ្ទាំ ក្នុងនោះមនុស្សភាគច្រើននៃពលរដ្ឋជិត ២,១លាននាក់ ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ។
រយៈពេល ៧០ថ្ងៃក្រោយយោធាអ៊ីស្រាអែលបញ្ឈប់ការចូលស្បៀងអាហារ ទឹក ឱសថ និងគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតទាំងអស់ របាយការណ៍និយាយថា ទំនិញមិនអាចខ្វះបានសម្រាប់ការរស់រានរបស់មនុស្ស នឹងត្រូវអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ។
របាយការណ៍នេះ និយាយទៀតថា ពលរដ្ឋទាំងមូល ប្រឈមនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយពាក់កណ្តាលនៃពលរដ្ឋ(ម្នាក់ក្នុងចំណោម ៥នាក់)ប្រឈមនឹងការដាច់ពោះស្លាប់ ។ ប្រហែល ៩៣ភាគរយនៃពលរដ្ឋ បានជួបកង្វះខាតស្បៀងអាហារធ្ងន់ធ្ងររួចទៅហើយ ។
ស្ថានភាពកាន់តែអាក្រក់ទៅ ចាប់តាំងពីរបាយការណ៍លើកមុនរបស់ IPC ដែលបានបញ្ចេញកាលពីខែតុលា ពេលដែលពួកគេនិយាយថា ភាគរយខ្ពស់ដែលពលរដ្ឋប្រឈមនឹងកម្រិតអសន្តិសុខស្បៀងធ្ងនធ្ងរកាន់តែខ្លាំង ៕
