ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យទូលំទូលាយមួយកាលថ្ងៃចន្ទ (១២ ឧសភា) ដោយណែនាំក្រុមហ៊ុនផលិតឱសថឱ្យបញ្ចុះតម្លៃ ដើម្បីឱ្យស្របតាមអ្វីដែលប្រទេសផ្សេងទៀតចំណាយ ក្នុងសកម្មភាពមួយដែលអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់និយាយថា "ពិបាកអនុវត្ត"។

ក្រឹត្យនេះប្រាប់ឱ្យអ្នកផលិតឱសថ កំណត់គោលដៅបន្ទាបតម្លៃក្នុងពេល ៣០ថ្ងៃខាងមុខ ហើយនឹងចាត់វិធានការបន្ថែមដើម្បីបញ្ចុះតម្លៃប្រសិនបើក្រុមហ៊ុនទាំងនោះមិនបង្កើត "វឌ្ឍនភាពសំខាន់" ឆ្ពោះទៅរកគោលដៅទាំងនោះ។ ក្រឹត្យនេះមិនអាក្រក់ដូចការភ័យខ្លាចទេ ដោយជំហាននេះបានរុញតម្លៃភាគហ៊ុនឱសថឱ្យឡើងខ្ពស់កាលពីថ្ងៃចន្ទ ប៉ុន្តែវិនិយោគិន អ្នកវិភាគ និងអ្នកជំនាញតម្លៃឱសថបានចោទសួរថា តើនឹងត្រូវអនុវត្តយ៉ាងដូចម្តេច។

លោក Trump បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលនឹងដំឡើងពន្ធ ប្រសិនបើតម្លៃនៅអាមេរិក មិនត្រូវគ្នានឹងទំនិញក្នុងប្រទេសដទៃ ហើយនិយាយថា លោកកំពុងចង់បន្ទាបតម្លៃក្នុងចន្លោះពី ៥៩% ទៅ ៩០%។ លោកបន្តថា ក្រឹត្យឱសថនេះជាផ្នែកមួយនៃការសន្ទនាជាមួយមិត្តភក្តិលោក ដែលបានប្រាប់ប្រធានាធិបតីរូបនេះថា ខ្លួនប្រើសេវាចាក់ថ្នាំសម្រកទម្ងន់ក្នុងតម្លៃ ៨៨ដុល្លារប៉ុណ្ណោះនៅទីក្រុងឡុងដ្រ៍ របស់អង់គ្លេស ហើយថ្នាំដូចគ្នានេះនៅអាមេរិក មានតម្លៃដល់ទៅ ១.៣០០ដុល្លារ។
ក្រឹត្យច្បាប់ម្លងបានបង្ហាញថា ប្រសិនបើអ្នកផលិតឱសថមិនបំពេញតាមការរំពឹងទុករបស់រដ្ឋាភិបាលទេ នោះខ្លួននឹងប្រើច្បាប់គ្រប់គ្រងដើម្បីដាក់តម្លៃឱសថត្រឹមកម្រិតអន្តរជាតិ ហើយពិចារណាលើវិធានការបន្ថែម រួមទាំងការនាំចូលឱសថពីប្រទេសអភិវឌ្ឍន៍ផ្សេងទៀត និងរឹតបន្តឹងការនាំចេញ។ គួរឱ្យដឹងថា អាមេរិកជាប្រទេសដែលបង់ថ្លៃឱសថតាមវេជ្ជបញ្ជាខ្ពស់បំផុត ដែលច្រើនតែជិត ៣ដងលើសប្រទេសអភិវឌ្ឍន៍ផ្សេងទៀត៕