អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះជាបន្ទាន់ ក្នុងរដ្ឋធានីទ្រីប៉ូលី (Tripoli) របស់ប្រទេសលីប៊ី ខណៈក្រុមខ្មាន់កាំភ្លើងជាគូប្រជែងបានបើកការបាញ់ប្រហារក្នុងសង្កាត់នានាភាគខាងត្បូងនៃទីក្រុងនេះ បន្ទាប់ពីការសម្លាប់មេដឹកនាំកងជីវពលដ៏មានឥទ្ធិពលម្នាក់ ហើយអាជ្ញាធរបានបិទ និងដាក់តំបន់ទាំងនោះក្នុងគ្រាអាសន្នភ្លាមៗ។

ការអំពាវនាវនៅព្រឹកថ្ងៃអង្គារនេះ កើតឡើងន្ទឹមអ្នកស្រុកបានរាយការណ៍ពីស្នូរសំឡេងកាំភ្លើងធំ និងការផ្ទុះទូទាំងសង្កាត់ជាច្រើនចាប់ពីម៉ោងប្រហែល ៩ យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

អ្នកសារព័ត៌មាន Al Jazeera លោក Malik Traina រាយការណ៍ពីទីក្រុងធំបំផុតទី៣ Misrata របស់ប្រទេសលីប៊ី ថា ប្រភពសន្តិសុខបានបញ្ជាក់ពីការស្លាប់លោក Abdel Ghani al-Kikli ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា "Gheniwa" ដែលជាប្រធានកងជីវពលនៃអាជ្ញាធរគាំទ្រស្ថិរភាព (SSA) ដ៏មានឥទ្ធិពលរបស់ទីក្រុងទ្រីប៉ូលី។
មានការការបាញ់ប្រហារ និងការប៉ះទង្គិចគ្នា ក្រោយមកបានរីករាលដាលពាសពេញផ្នែកមួយចំនួននៃក្រុងទ្រីប៉ូលី។

លោក Al-Kikli គឺជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំដ៏មានឥទ្ធិពលបំផុតជាច្រើនរបស់កងជីវពលរដ្ឋធានីនេះ ហើយថ្មីៗនេះបានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយក្រុមប្រដាប់អាវុធជាគូប្រជែងមួយចំនួនទៀត រួមទាំងបក្សពួកដែលមានទំនាក់ទំនងជាមួយក្រុមនៅទីក្រុង Misrata ផងដែរ។
ក្នុងសេចក្ដីថ្លែការណ៍មួយភ្លាមៗក្រោយការប៉ះទង្គិចគ្នាបានចាប់ផ្ដើម បេសកជនគាំទ្រដោយអង្គការសហប្រជាជាតិនៅប្រទេសលីប៊ីបាននិយាយថាខ្លួនមានក្ដីបារម្ភខ្លាំងចំពោះស្ថានៅភាពសន្តិសុខក្នុងទីក្រុងទ្រីប៉ូលី ដោយសារការវាយប្រហារដ៏ខ្លាំងក្លាក្នុងតំបន់នានាដែលមានប្រជាពលរដ្ឋរស់នៅច្រើន៕