នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃច័ន្ទ បានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះ «ការវាយប្រហារភេរវកម្មណាមួយ» នាពេលអនាគត និងបានព្រមានថា ទីក្រុងញូវឌេលី នឹងមិនអត់ធ្មត់ចំពោះ «ការគំរាមកំហែងនុយក្លេអ៊ែរ» ក្នុងករណីមានជម្លោះបន្ថែមជាមួយប្រទេសប៉ាគីស្ថាន។

បទឈប់បាញ់កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្របសម្រួល ទំនងជាបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីរយៈពេលបួនថ្ងៃនៃការវាយប្រហារដោយយន្តហោះចម្បាំង មីស៊ីល យានដ្រូន និងកាំភ្លើងធំ ជាអំពើហិង្សាដ៏បង្ហូរឈាមបំផុតរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ ចាប់តាំងពីឆ្នាំ១៩៩៩មក។

លោកTrump បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានថា «យើងបញ្ឈប់ជម្លោះនុយក្លេអ៊ែរ ដែលមនុស្សរាប់លាននាក់អាចត្រូវបានសម្លាប់។ ដូច្នេះខ្ញុំមានមោទនភាពចំពោះរឿងនេះ»។ លោក Modi នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ ជាលើកដំបូងចាប់តាំងពីអរិភាពបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍មុន បាននិយាយថា ប្រទេសប៉ាគីស្ថាន បានជ្រើសរើសយកការវាយប្រហារ ច្រើនជាងជួយប្រទេសក្នុងការប្រយុទ្ធប្រឆាំង«អំពើភេរវកម្ម»។
លោកនិយាយថា «ប្រសិនបើការវាយប្រហារភេរវកម្មមួយផ្សេងទៀតប្រឆាំងប្រទេសឥណ្ឌាត្រូវបានអនុវត្ត នោះការឆ្លើយតបដ៏ខ្លាំងក្លានឹងកើតមានឡើង»។ ជម្លោះ បានកើតមានបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា លើអ្នកទេសចរនៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលជនស៊ីវិល ២៦ នាក់ស្លាប់។ ឥណ្ឌា បានចោទប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធថា មិនជាប់ពាក់ព័ន្ធទេ។