យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា ចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងអេស្បាញ បូករួមទាំងអ្នកតំណាងសហភាពអឺរ៉ុប បានពិភាក្សាគ្នាពីរបៀបគាំទ្រអ៊ុយក្រែនបន្ថែមទៀតប្រឆាំងរុស្ស៊ី នៅក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

សេចក្តីថ្លែងការណ៍រួម និយាយថា «យើងបានពិភាក្សាអំពីរបៀបដែលយើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អ៊ឺរ៉ុបបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី» ។
«អ៊ុយក្រែន នឹងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងការបន្តទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្ស៊ីដោយជោគជ័យដោយមានការគាំទ្ររបស់យើង»។ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានភាពហ្មត់ចត់យ៉ាងខ្លាំងចំពោះការព្យាយាមស្វែងរកសន្តិភាពនៅក្នុងកិច្ចពិភាក្សាដែលលោកបានស្នើឡើងនៅក្នុងប្រទេសទួរគី។

លោក Putin បានស្នើកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងគោលបំណងបញ្ចប់សង្រ្គាម ហើយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាសាធារណៈឱ្យទទួលយក ហើយលោក Zelenskiy បាននិយាយថា លោកនឹងធ្វើ ប៉ុន្តែលោកពូទីន គួរតែចូលរួមដោយផ្ទាល់។